(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ និងជាតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តព្រះរាមរង្សី ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានប្រជាពលរដ្ឋប្រមាណជា ១ពាន់នាក់ចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ។
លោកអភិបាលស្រុក បានឱ្យដឹងថា វត្តព្រះរាមរង្សីមានប្រវត្តិយូរលង់មកហើយដោយផ្ដើមកសាងតាំងពីឆ្នាំ១៩១០មកម៉្លេះ ហើយជាវត្តដែលមានព្រះចៅអធិការជាច្រើនអង្គ បានចូលរួមកសាងតាមដំណាក់កាលនីមួយៗរហូតដល់ឆ្នាំ១៩៧៥-១៩៧៩ វត្តនេះត្រូវបានពួកខ្មែរក្រហមឈូសឆាយកម្ទេច ចាប់ផ្សឹកព្រះសង្ឃ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
ទីវត្តអារាមនៅទីនេះ ត្រូវបានកកើតឡើងវិញ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ពេលនោះប្រជាពលរដ្ឋបានរួមគ្នាបោសសំអាតទីវត្តអារាម និងមានពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមធ្វើបុណ្យទានឡើងវិញដើម្បីស្ដារ និងកសាងសមិទ្ធិផលក្នុងវត្តឡើងវិញជាបន្តបន្ទាប់។
រហូតដល់ឆ្នាំ២០០៩ ទើបមានការចាប់ផ្តើមកសាងព្រះវិហារថ្មី។ ព្រះវិហារនៅក្នុងវត្តព្រះរាមរង្សី បានកើតឡើងដោយសារកិច្ចសហការគាំទ្រពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងពុទ្ធសាសនិក បានរួមគ្នាជាកម្លាំងចលករធ្វើឱ្យវត្តបានរីកចម្រើនដូចពេលបច្ចុប្បន្ន។ ផ្អែកតាមរបាយការណ៍ការកសាងព្រះវិហារបានចំណាយថវិកាប្រមាណ ២២០,៦៨៦ដុល្លារ។
នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឮកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះអាជ្ញាធរដែនដី ប្រជាពលរដ្ឋដែលមានវត្តមានក្នុងខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍បណ្ឌិត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះទ័យផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ព្រះអង្គព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលផ្តល់ការជឿជាក់ដោយបានបរិច្ចាគធនធាន និងថវិកាតាមសទ្ធាជ្រះថ្លា រួមសាមគ្គីកសាងព្រះវិហារថ្មីក្នុងវត្តព្រះរាមរង្សី សម្រាប់ទុកជាទីគោរពប្រណិប័តន៍។
នាយឧត្តមសេនីយ៍ សឹង សំណាង ចាត់ទុកសមិទ្ធផលទាំងនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងមិនអាចផ្ដាច់បានពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំពីពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីរដ្ឋបាលខេត្ត ព្រះសង្ឃ ឧបាសកឧបាសិកា ប្រជាពលរដ្ឋ ដែលបានរួមសាមគ្គីគ្នា បរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលទាំងនេះ។
នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានរំលឹកប្រជាពលរដ្ឋឱ្យបានដឹងពីប្រវត្តិនៃដំណើរប្រទេសកម្ពុជាដែលបានឆ្លងកាត់ពីដំណាក់កាលនីមួយៗ រហូតដល់ឆ្នាំ១៩៧០ ទីអារាមបានក្លាយជាគោលដៅនៃការវាយប្រហារទម្លាក់គ្រាប់បែកពីលើអាកាស និងបំផ្លិចបំផ្លាញជីវិតប្រជាជនកម្ពុជាទៀតផង។ ជាពិសេសក្នុងរបបប៉ុលពត បានប្រល័យជីវិតមនុស្សយ៉ាងព្រៃផ្សៃ ក្នុងនោះវត្តព្រះរាមរង្សី ក៏ត្រូវបានយកធ្វើជាកន្លែងកាប់សម្លាប់ប្រជាជនស្លូតត្រង់ផងដែរ។
តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុនសែន រួមជាមួយការដឹកនាំអនុវត្តគោលនយោបាយជាច្រើនដំណាក់កាលធ្វើឱ្យកម្ពុជាសម្រេចបានការផ្លាស់ប្ដូរមុខមាត់ថ្មីប្រែក្លាយខ្លួនពីប្រទេសមានសោកនាដកម្ម នៃសង្គ្រាមមកជាប្រទេសមានសន្តិភាព ការឯកភាព ជាតិពេញលេញ មានបេះដូងមនុស្សធម៌ មានកេរ្ដិ៍ឈ្មោះល្អល្បីរន្ទឺលើឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាលបន្តវេន បានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនានៅកម្ពុជា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើងបែងចែកប្រជាជន ដែលមានភាពខុសគ្នាខាងជំនឿនិងសាសនា សំដៅប្រែក្លាយសក្ដានុពលសាសនាទាំងអស់ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លាក្នុងការកសាងសន្តិភាព ឯកភាពជាតិ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដើម្បីចូលរួមគាំទ្រនិងជំរុញការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យបានសកម្មផលផុសនៅតាមមូលដ្ឋាន និងការដោះស្រាយឆ្លើយតបសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធិភាព តម្លាភាព ដោយផ្អែកលើច្បាប់និងលិខិតបទដ្ឋានជាធរមាន។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានរួមគ្នាខិតខំការពារសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានតាមការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទទួលបានជោគជ័យកន្លងមកនេះ។
នៅក្នុងពិធីកាត់ឫស្សសីមាដ៏រីករាយនោះ នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានប្រគេនបច្ច័យព្រះសង្ឃ ២៨អង្គ និងជូនថវិកាចំពោះលោកគ្រូ អ្នកគ្រូចំនួន ២៧នាក់ សិស្សចំនួន ២៣០នាក់ ជូនកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចចំនួន ៦៧នាក់ ដូនជីតាជីចំនួន ៥០នាក់ សរុបថវិកាចំនួន ១២,៨៦០,០០០រៀល៕