(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការតំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងការផ្សព្វផ្សាយសេចក្តីណែនាំចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមបណ្តាកងឯកភាពចំណុះអគ្គបញ្ជាការ និងសេចក្តីណែនាំរបស់អគ្គបញ្ជាការដ្ឋានស្តីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ និងនាយការិយាល័យទាំងអស់ចំណុះមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង០៩ នាយទាហាន នៃកងរាជអាវុធហត្ថសរុបចំនួន១១៥នាក់ ដែលធ្វើឡើងនៅសាលប្រជុំធំជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី វង្ស ធី បានផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានថ្លែងនូវការកោតសរសើរចំពោះនាយអាវុធហត្ថទាំងអស់ ដែលកន្លងមកបានចូលរួមក្នុងកិច្ចការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសត្រៀមការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរងក៏បានណែនាំដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឱ្យបានល្អប្រសើរ ដោយត្រូវប្រើប្រាស់សម្ភារ: មធ្យោបាយ និងគ្រឿងបំពាក់ សំដៅធ្វើយ៉ាងណាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលរួមលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ និងភាពទទួលខុសត្រូវខ្ពស់ផងដែរ៕