(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពក្នុងការដោះស្រាយ វិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួង ការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់ មុខសញ្ញា និងមានការចូលរួមពីលោក កើត សុធា អភិបាលខេត្តប៉ៃលិន។

លោក កើត សុធា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំ វគ្គនេះឡើង ស្របពេលដែលវិស័យការងារ និងការវិនិយោគនៅក្នុងខេត្តប៉ៃលិន កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ និងស្នើឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីៗ បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការបំពេញបេសកកម្មការងារតាមតួនាទី មុខងារ ភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ ឲ្យកាន់តែមានប្រសិទ្ធភាព និងមានការ ទទួលខុសត្រូវខ្ពស់។

លោកបណ្ឌិត ពេជ សោភ័ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋតាមរយៈការដាក់ចេញ នូវគោលនយោបាយ ស្តីពីមុខរបរ និងការងារ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើការអនុវត្ត ខិតខំជំរុញស្វែងរក ការងារ ឲ្យប្រជាពលរដ្ឋ កម្មករមានការងារធ្វើ និងមានទ្រព្យសម្បត្តិ ពិសេសក៏បាននិងខិតខំសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ក្នុងការពិភាក្សាក្នុងការដំឡើងប្រាក់ឈ្នួល អប្បបរមាមានកម្រិតខ្ពស់ជូនកម្មករ និយោជក។

លោកបណ្ឌិតបន្តថា «ទោះបីជាក្នុងដំណាក់កាលដ៏លំបាក ដែលយើងប្រឈមទៅនឹងហានិភ័យយ៉ាងណាក្តី ក៏ជំហាននៃការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា កាន់តែមានកម្រិតឈានឡើងជាលំដាប់ ឥតឈប់ឈរ ស្របតាមចក្ខុវិស័យ និងសូចនាករ ក្នុងបរិបទ គោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យខ្សែសង្វាក់ផលិតកម្ម សហគ្រាស កាន់តែមានផលិតភាព ក្នុងសមត្ថភាពទទួលខុសត្រូវខ្ពស់ លើការងារការបង្កើតមុខរបរ និងឱកាសការងារ ផ្នែកបច្ចេកទេស ទៅជាសេវាឆ្លើយតប បំពេញតាមគោលបំណង សេវាតម្រូវការបានទាន់ពេលវេលា យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពគួរជាទីមោទនៈ»។

លោកបណ្ឌិត បានអំពាវនាវដល់មន្រ្តីអាជ្ញាធរ ៤ចំណុចផងដែរ ដូចជា៖
១-ត្រូវបង្កើត គ.ក.ប ខេត្ត គ្រប់ថ្នាក់រហូតដល់ ឃុំ/សង្កាត់
២-ពង្រឹងការងារសាធារណមតិ
៣-ស្តាប់យោបល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
៤-ពង្រឹងការអនុវត្តច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។

លោកបណ្ឌិតបន្ថែមថា ដូច្នេះដើម្បីមានវិធានការទប់ស្កាត់ និងដោះស្រាយសមស្របតាមនបទដ្ឋានគតិយុត្តនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ជាបន្តបន្ទាប់សម្រាប់អនុវត្ត ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធររដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអនុវត្ត និងយកចិត្តទុកដាក់ ការពារផល ប្រយោជន៍ជាតិ និងផល ប្រយោជន៍ប្រជាពលរដ្ឋជាធំ៕