(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនសិក្ខកាមនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ (សិក្ខាកាមC1) ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Khmer Beverages ដើម្បីសិក្សាស្វែងយល់ ពង្រឹងបន្ថែមចំណេះដឹងបច្ចេកទេស និងចង្វាក់ផលិតកម្ម រួមទាំងបច្ចេកទេសប្រើប្រាស់បរិក្ខារត្រជាក់។

ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់បានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមបាននឹងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី១បានជាង៣ខែដោយរលូន។ គ្រឹះស្ថានបណ្តុះបណ្តាលមួយចំនួនបានចាប់ផ្តើមឱ្យសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សា និងទស្សនកិច្ចសិក្សានៅតាមក្រុមហ៊ុនឯកជនផ្សេងៗដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តនៅតាមរោងជាង បន្ទប់ពិសោធន៍ទៅតាមម៉ូឌុលនិមួយៗរួចមក។

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក យ៉ោក សុទ្ធី បានលើកឡើងថា៖«វិទ្យាស្ថានបានបញ្ជូនសិក្ខាកាមដែលកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ដើម្បីមានឱកាសចុះទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុន Khmer Beverages កាលពីពេលថ្មីៗនេះ»។

លោកនាយកវិទ្យាស្ថានបានគូសបញ្ជាក់ថា សម្រាប់សិក្ខាកាមដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ការចុះទស្សនកិច្ចសិក្សាគឺមានសារសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់ចំណេះដឹងបច្ចេកទេសពីក្រុមហ៊ុនដែលពោពេញទៅដោយបច្ចេកវិទ្យាទំនើបៗ និងសម្ភារៈសម្បូរបែប ជាពិសេសសិក្ខាកាមអាចស្វែងយល់បន្ថែមពីចង្វាក់ផលិតកម្មរបស់រោងចក្រ ពិសេសពីបរិយាកាសទីផ្សារការងារ ដែលទាំងនេះមានសារសំខាន់ដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់យុវជនដែលកំពុង ក៏ដូចជាមានបំណងសិក្សាជំនាញបច្ចេកទេស។

លោកបន្ថែមថា ទស្សនកិច្ចសិក្សា ឬការបញ្ជូនឲ្យទៅហត្ថការនៅតាមក្រុមហ៊ុនឯកជន នេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពជំនាញពិតៗ បន្ទាប់ពីសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ ការអនុវត្តផ្ទាល់ក្នុងថ្នាក់ សម្រាប់សិក្ខាកាមសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់។

ទន្ទឹមនឹងនេះលោកបានលើកឡើងថាសម្រាប់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការជាមួយបណ្តាក្រុមហ៊ុនឯកជននានាដើម្បីបញ្ជូនសិក្ខាកាមបានចុះកម្មសិក្សា ទស្សនកិច្ចសិក្សា នាពេលខាងមុខទៀត ដើម្បីឱ្យយុវជនស្វែងយល់អំពីចំណេះដឹងថ្មីៗ ក៏ដូចជាពង្រឹកសមត្ថភាពរបស់សិក្ខាកាមក្នុងអំឡុងពេលសិក្សាជំនាញផងដែរ៕