(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះមនុស្សចាស់ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា» ការថ្លែងបែបនេះក្នុងឱកាសដែលលោក និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានចូលរូមក្នុងពិធីរាប់បាត្រព្រះសង្ឃចំនួន៦៩អង្គ និងសំណេះសំណាលជាមួយមនុស្សចាស់មកពី៩ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យចំនួន៣១០នាក់ នៅសាលប្រជុំថ្មី ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ៨ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ និងជូនពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនយើងទាំងអស់គ្នាសូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ។
លោក កែ គឹមយ៉ាន បានថ្លែងបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះមនុស្សចាស់ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា» ហើយគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានដាក់ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មានការអភិវឌ្ឍមូលធនមនុស្ស ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង បន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»។
ជាមួយគ្នានោះដែរ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បាននាំយកអំណោយជូនមនុស្សវ័យចាស់ រួមមាន៖ ថវិកា កំសៀវដាំទឹកអគ្គិសនី ក្រមា សារុង មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកដោះគោ តែ ស្កសរ កៅអ៊ាក អំបិលអ៉ីយ៉ូត ប្រេងខ្យល់ ប្រេងឆា និងទឹកក្រូចផងដែរ៕