(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា យុវតីវ័យក្មេងដែលកំពុងប្រឡូកនឹងនយោបាយ បានលើកឡើងថា ករណីបំផ្ទុះគ្រាប់បែកអនាមិក នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រលប់ម្សិលមិញ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ខាតបង់ទៀតហើយ។
កញ្ញា ធី សុវណ្ណថា បានចាត់ទុកថា ករណីនេះជាការគំរាមកំហែង ដល់ប្រជាប្រិយភាពរាជរដ្ឋាភិបាល និងបង្កឱ្យមានអសន្តិសុខក្នុងប្រទេស ហើយចំណេញនយោបាយដល់គណបក្សប្រឆាំង ដែលកំពុងទាល់ច្រក។
នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានលើកឡើងថា «នាងខ្ញុំ រន្ធត់ណាស់យប់នេះ មានការបំផ្ទុះគ្រាប់បែក នៅសង្កាត់បឹងកេងកង ដោយម្សិលមិញខ្ញុំនិយាយថា “អាចនឹងមានការបំផ្ទុះគ្រាប់បែក” រឿងនេះរាជរដ្ឋាភិបាលខាតបង់ ប្រជាប្រិយភាពទៀតហើយ ក្រុមបក្សប្រឆាំង នឹងកេញចំណេញនយោបាយ ចោទលាបពណ៍ថា រាជរដ្ឋាភិបាលជាអ្នកធ្វើដើម្បីគំរាម ឬថា អសមត្ថភាព រក្សាសន្តិសុខ»។
កញ្ញា ធី សុវណ្ណថា បានបន្ថែមទៀតថា «បច្ចុប្បន្នរាជរដ្ឋាភិបាលខិតខំរក្សាសន្តិភាព បានយ៉ាងល្អ និងបានដឹកនាំប្រទេស រួចផុតពីសង្គ្រាម និងមានការរីកចំរើនជាបន្តបន្ទាប់ តែនយោបាយបក្សសង្គ្រោះជាតិ កំពុងជាប់គាំង និងទាល់ច្រកស្ថានភាពនយោបាយបែបនេះ រឿងអ្វីក៏អាចកើតឡើបានដែរ ។ សូមបងប្អូនពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់»។
សូមជំរាបថា កាលពីម៉ោងប្រមាណ៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមានការបំផ្ទុះគ្រាប់បែកមួយគ្រាប់បណ្តាលឲ្យ មនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ។
តាមវីដេអូកាមេរ៉ា បានបង្ហាញថា ជនល្មើសដែលបំផ្ទុះគ្រាប់បែកមានគ្នា២នាក់ ជិះម៉ូតូយកមកទម្លាក់លើផ្លូវ១៦៣ ហើយរថយន្តលុច្សស៊ីសមួយគ្រឿង ដែលបើកតាមផ្លូវនេះ ក៏ផ្ទុះចំដោយចៃដន្យតែម្តង៕