(ភ្នំពេញ)៖ លោកស្រី មួរ សុខហួរ បានប្រកាសថា បានយកញត្តិមកដាក់ជូនស្ថានទូតបានជោគជ័យ ពោលគឺគ្មានសមត្ថកិច្ចណាម្នាក់ចេញមករារាំងនោះទេ ប៉ុន្តែគេឃើញមានសមត្ថកិច្ចមួយចំនួនមកជួយសម្រួលថែមទៀត ផ្ទុយពីនេះផែនការហែរញត្តិរបស់លោក កឹម សុខា បានបរាជ័យទាំងស្រុង។ ការដាក់ញត្តិនេះធ្វើឡើងដោយប្រើមនុស្សត្រឹមតែ ៣នាក់គត់ ហើយ៣នាក់នោះ សុទ្ធតែជាមនុស្សជំនិតកូតារបស់លោក សម រង្ស៊ី តាំងពីនៅគណបក្សសមរង្ស៊ីមកម្ល៉េះ គឺមានលោកស្រី មួរ សុខហួរ, លោក ឡុង ប៊ុត្តា និងលោក ហូរ វ៉ាន ដោយគ្មានមនុស្សរបស់លោក កឹម សុខា ចូលរួមនោះទេ។
គណបក្សប្រឆាំងមិនមែន ទើបតែដាក់ញត្តិជាលើកទីមួយនោះទេ ប៉ុន្តែការការដាក់ញត្តិមុនៗ គឺគ្មានការប្រកូកប្រកាសកេណ្ឌមនុស្សយ៉ាងតក់ក្រហល់ដូចលើកនេះទេ ប៉ុន្តែលើកនេះខុសពីសព្វមួយដង គឺមន្ត្រីជំនិតរបស់លោក កឹម សុខា បានបញ្ជាឲ្យសកម្មជនរបស់ខ្លួន ដើរអំពាវនាវហៅមនុស្សតាមខ្នងផ្ទះគ្រប់ខេត្តក្រុងតែម្តង ឲ្យនាំគ្នាឡើងមកភ្នំពេញ។ ភាពចម្លែកនេះត្រូវបានគេមើលឃើញថា កើតឡើងស្របពេលដែលលោក កឹម សុខា នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះលើករណីប្រព្រឹត្តបទល្មើសជាក់ស្តែង ក្នុងសុំណុំរឿងបដិសេធ មិនចូលខ្លួនបំភ្លឺក្នុងតុលាការ នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខ។
តាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី បានបង្ហើបឲ្យដឹងថា គំនិតប្រមូលមនុស្សនេះផ្តើមចេញពីលោក កឹម សុខា បន្ទាប់ពីមានជំនួបជាមួយមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ក្នុងគោលបំណងសាកកម្លាំង ស្ទង់មើលអ្នកគាំទ្រដែលសេសសល់របស់ខ្លួន ដើម្បីត្រៀមបាតុកម្មទាមទារដោះលែងខ្លួននៅថ្ងៃទី៩។
មន្ត្រីរូបនោះបានបញ្ជាក់ថា ទោះជាត្រូវធ្វើឲ្យមនុស្សរបួស ឬបាត់បង់ជីវិតប៉ុន្មានក៏ដោយក៏លោក កឹម សុខា បញ្ជាដាច់ខាត គឺត្រូវតែលះបង់ ធ្វើយ៉ាងណាឲ្យតែលោក កឹម សុខា រួចផុតពីការចាប់ខ្លួន។ ម៉្យាងវិញទៀត ការហែញត្តិ ក៏អាចពាក់ព័ន្ធនឹងស្ថានទូតអាមេរិកដែរ!
ចំណុចដែលបង្ហាញថា សហរដ្ឋអាមេរិកពិតជាអាចនៅពីក្រោយ និងពិតជាដឹងមុននូវគម្រោងបង្ករចលាចលរបស់គណបក្សនោះ គឺស្ថានទូតអាមេរិកដឹងមុនថា នឹងកើតមានបាតុកម្មហិង្សា, ដោយស្ថានទូតអាមេរិកបានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋអាមេរិក ឲ្យជៀសឆ្ងាយពីទៅស្នាក់ការគណបក្សសង្គ្រោះជាតិ និងសាលាដំបូងរាជធានីភ្នំពេញ ឬជៀសឲ្យឆ្ងាយពីហ្វូងបាតុកម្ម ដោយបញ្ជាក់មូលហេតុយ៉ាងច្បាស់ថា បាតុកម្មនេះអាចក្លាយជាបាតុកម្មហិង្សា។ ជាងនេះទៅទៀតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាអ្នកដើរកេណ្ឌមនុស្សបានបង្ហោះប្តេជ្ញាថា នឹងប្រថុយ និងពលិកម្ម ដើម្បីការពារលោក កឹម សុខា ដែលនេះបង្ហាញឲ្យច្បាស់ថា គណបក្សប្រឆាំងមួយនេះ ពិតជាមានគោលបំណងបង្កើតព្រឹត្តិការណ៍ហិង្សា បង្កចលាចលពិតប្រាកដមែន។
អ្នកវិភាគការវិវត្តនយោបាយបានលើកឡើងថា លក្ខខ័ណ្ឌនៃការដាក់ញត្តិមិនទាមទារឲ្យហែរមនុស្សមកច្រើន ភ្លូកទឹកភ្លូកដី ទើបគេទទួលនោះទេ មើលគម្រូមានស្រាប់ លោកស្រី មួរ សុខហួរ យកមកតែ៣នាក់ ក៏គេទទួលដែរ។ លោកបានបន្ថែមថា ការកេណ្ឌមនុស្សមកលើកនេះមិនទំនងនោះទេ ដោយធ្វើឡើងក្រោមលេស ការពារសិទ្ធិមនុស្ស និងការពារលិទ្ធិប្រជាធិបតេយ្យ ប៉ុន្តែគេជឿជាក់ថា ប្រសិនបើការកេណ្ឌរបស់ពួកគេបានសម្រេច មានអ្នកចូលរួមច្រើនកុះករដូចផែនការពួកគេពិតមែន នោះបក្សប្រឆាំងមួយនេះ នឹងបង្វែប្រធានបទទៅជាសុំឲ្យដោះលែងលោក កឹម សុខា វិញ ឬឈានដល់ការធ្វើបដិវត្តពណ៌ ដោយផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងនាំឲ្យសង្គមមានចលាចលទៀតផង។
ចំពោះអ្នកច្បាប់វិញបានយល់ថា វិធីកេណ្ឌមនុស្សមកបង្ករចលាចលនេះ ប្រហែលជាវិធី និងជាសង្ឃឹមចុងក្រោយហើយ ដែលអាចជួយលោក កឹម សុខា ឲ្យរួចផុតពីសំណាញ់ច្បាប់បាន ព្រោះករណីរបស់លោក កឹម សុខា ត្រូវបានមន្ត្រីសាលាដំបូងលើកឡើងថា មិនមានភាពស្មុគស្មាញ និងមានភស្តុតាងគ្រប់គ្រាន់ដើម្បីជម្រះក្តីនាពេលខាងមុខនេះបាន។ នេះប្រហែលជាជនល្មើសរូបនេះពិតជាប្រព្រឹត្តិបទល្មើស និងដឹងខ្លួនច្បាស់ថាប្រាកដជាជាប់ទោស ទើបប្រើស្នៀតចុងក្រោយ កេណ្ឌមនុស្សឲ្យមកបង្ករចលាចលក្នុងក្រុងភ្នំពេញ ដើម្បីជាការដាក់គំនាបទៅលើរាជរដ្ឋាភិបាលជាក់ជាមិនខាន។
ទឡ្ហីករណ៍ខាងលើ និងតាមរយៈការយកញត្តិទៅដាក់របស់មន្ត្រី ៣នាក់ខាងកូតា សម រង្ស៊ី គឺបញ្ជាក់បានថា គណបក្សប្រឆាំងមកដល់ម៉ោងនេះ មានការបែកចែកកម្លាំងជាពីរនៅខាងក្នុង ដោយមានកម្លាំងលោក កឹម សុខា និងកម្លាំងលោក សម រង្ស៊ី។ លោក កឹម សុខា និងមនុស្សជំនិតរបស់ខ្លួនដែលជាសមាជិកគណបក្សសិទ្ធិមនុស្ស ចង់កេណ្ឌមនុស្ស ចង់ប្រើកម្លាំងមនុស្សដើម្បី បង្ករចលាចល ដោយប្រើប្រាស់ជីវិតរបស់សកម្មជនរបស់ខ្លួនធ្វើជាឧបករណ៍ដើម្បីជាឈ្នាន់ក្នុងការទាមទារឲ្យដោះលែងលោកកឹម សុខា។
សកម្មជនគណបក្សសង្គ្រោះជាតិនាពេលនេះ បើហ៊ានប្រថុយនាំគ្នាមកប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច អាចនឹងប្រឈមចំពោះមុខច្បាប់ ឬមានគ្រោះថ្នាក់ដល់ជីវិតផងក៏ថាបាន។ គេបានដឹងថាមនុស្សប្រហែលជា ១៥នាក់ តែងតែអង្គុយប្រចាំការនៅមុខទីស្នាក់ការបក្សសង្គ្រោះជាតិនោះ គឺជាសកម្មជនគណបក្សសិទ្ធិមនុស្ស មិនមានសកម្មជនគណបក្សសមរង្ស៊ីនោះទេ។
រីឯកម្លាំងម្ខាងទៀតគឺជាមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលជាសមាជិកគណបក្សសមរង្ស៊ី។ ក្រុមនេះមិនសូវខ្វាយខ្វល់ និងគាំទ្រទង្វើ និងគំនិតលោក កឹម សុខា នោះទេ។ ក្រុមនេះមិនគាំទ្រការកេណ្ឌកម្លាំងឲ្យមកគាំទ្រលោក កឹម សុខា នោះទេ ព្រោះគេគិតដល់ផលប្រយោជន មេរបស់ពួកគេដែលកំពុងគេចខ្លួន នៅក្រៅប្រទេសជាធំ។
ជាក់ស្តែងតំណាងរាស្ត្រដែលគាំទ្រលោក កឹម សុខា ខិតខំប្រឹងប្រែង ក្រាញ់ននាលមិនព្រមយកញត្តិទៅដាក់ជូនស្ថានទូតនោះទេ ដោយរង់ចាំឲ្យមានការចូលរួមពីសកម្មជនខេត្តក្រុងដែលខ្លួនបានប្រមូលនោះ រីឯតំណាងរាស្ត្រដែលគាំទ្រលោក សម រង្ស៊ី ដែលមានដូចជា លោកស្រី មួរ សុខហួរ លោក ឡុង ប៊ុត្តា និងលោក ហូរ វ៉ាន់ បានយកញត្តិនោះទៅដាក់យ៉ាងជោគជ័យ ដែលទង្វើនេះប្រៀបដូចជា បំបាក់ផែនការកេណ្ឌមនុស្សរបស់លោក កឹម សុខា ដែលធ្វឲ្យគម្រោងការរបស់ បុគ្គលរូបនេះបរាជ័យ។ ដូច្នេះក្នុងផែនការហែញត្តិនេះ គឺជាជោគជ័យរបស់ មួរ សុខហួរ និងជាការបរាជ័យរបស់ កឹម សុខា ឬជាសុភមង្គលរបស់លោកស្រី មួរ សុខហួរ កូតារបស់ សម រង្ស៊ី ប៉ុន្តែជាអពមង្គលរបស់លោក កឹម សុខា ដែលកំពុងប្រឈមនឹងការជាប់គុក៕
អត្តបទដោយ៖ បាន វិភាគ