(កំពង់ឆ្នាំង)៖ នៅថ្ងៃអាទិត្យ​ ទី៧ ខែមេសា​ ឆ្នាំ២០២៤នេះ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចំណាយពេលពេញមួយថ្ងៃ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ ការចិញ្ចឹមគោពូជ និងការដាំដុះបន្លែ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

នៅពេលព្រឹក បណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យ មើលខ្សែច្រវាត់ផលិតកម្មកិនស្រូវ និងការប្រមូលទិញស្រូវ នៅរោងម៉ាស៊ីនកិនស្រូវចំនួន២ ទីតាំង គឺក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឥណ្ឌូឆាយណា រ៉ាយស៍មីល ដែលបច្ចុប្បន្នក្រៅពីការកិនស្រូវ និងនាំចេញអង្ករក្រុមហ៊ុននេះ បានកំពុង និងធ្វើផលិតកម្មនំបញ្ចុកក្រៀម, គុយទាវជាដើម សម្រាប់ផ្គត់ផ្អង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ​និងរោងម៉ាស៊ីនកិនស្រូវ KTS។

ក្នុងឱកាសនោះ លោកបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ សូមបន្តពង្រីកខ្សែច្រវាក់ផលិតកម្ម ឱ្យកាន់តែធំ និងគោរពឱ្យបានតាមស្តង់ដារសុវត្ថិភាព បន្តជួយប្រមូលទិញស្រូវរបស់កសិករយើង ក្នុងតម្លៃទីផ្សារ។

បន្ទាប់មកនៅពេលរសៀល រសៀលលោកបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមគោពូជ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក ដែលមានទីតាំងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នកសិដ្ឋាននេះ មានគោពូជសរុបជាង ៦០០ក្បាល និងអាចធ្វើការពង្រីកជាជំហ៊ានបន្តបន្ទាប់ លើផ្ទៃដីសរុប ២០០ហិកតា។

លោកបណ្ឌិតបន្តលើកទឹកចិត្ត ឱ្យកសិដ្ឋានខិតខំពង្រីកការចិញ្ចឹមឱ្យបានកាន់តែច្រើន ដើម្បីធ្វើការផ្គត់ផ្គង់គោពូជ ឱ្យបានគ្រប់គ្រាន់ចូលក្នុងទីផ្សារក្នុងស្រុក។

ជាបន្ទាប់មកទៀត នៅពេលរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យការដាំដុះខ្ទឹមស្លឹក នៅសហគមន៍អភិវឌ្ឍកសិកម្មទឹកហួតជ័យក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នសហគមន៍មានផ្ទៃដីដាំដុះសរុប ៨៧ហិកតា និងមានមាជិក ១១៥០នាក់។ ផលដំណាំចម្បងរបស់សហគមន៍ គឺដាំស្លឹកខ្ទឹម សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក។ បន្ទាប់មកបណ្ឌិត និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានដាំដុះបន្លែចំរុះ និងម្ទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាលផងដែរ៕