(ភ្នំពេញ)៖ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានបង្កើតព្រឹត្តិការណ៍វាយកូនគោលមិត្តភាព រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យាបាលកុមារដោយមិនយកប្រាក់។
ព្រឹត្តិការណ៍ប្រកួតវាយកូនគោលដើម្បីសកម្មភាពមនុស្សធម៌ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ នៅទីលានវាយកូនគោលស្ថិតនៅក្នុងបុរីជីបម៉ុង។
«ព្រឹត្តិការណ៍ដែលយើងធ្វើឡើងនេះ គឺក្នុងគោលបំណងប្រមូលមូលនិធិ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប»។ នេះជាការបញ្ជាក់របស់លោក ម៉ឹង ពន្លក។
លោក ម៉ឹង ពន្លក បានចាត់ទុកព្រឹត្តិការណ៍ប្រកួតវាយកូនគោលនេះ មិនត្រឹមជាការរៃអង្គាសថវិកា ដើម្បីសប្បុរសធម៌ប៉ុណ្ណោះទេ តែក៏បានជួយរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងខ្មែរក្នុងស្រុក និងក្រៅស្រុកផងដែរ។ ជាពិសេសការរួមគ្នា ដើម្បីថែទាំសុខសន្តិភាពនៅកម្ពុជា ដែលជាធាតុដ៏សំខាន់សម្រាប់ការរស់នៅ និងការប្រកបរបរផ្សេងៗ។
លោក ម៉ឹង ពន្លក បានបញ្ជាក់ដូច្នេះ «ទោះខ្មែរយើងនៅទីណា យើងរស់នៅក្រោមដំបូលមេឃតែមួយ។ ដូច្នេះហើយយើងនៅទីណាក៏ដោយ ប្រជាពលរដ្ឋយើងអាចមកចូលរួម ជាពិសេសចូលរួមមើលប្រទេសជាតិយើងរីកចម្រើន ហើយយើងអាចរួមគ្នាធ្វើសកម្មភាពសប្បុរសធម៌»។
ការប្រកួតកីឡាវាយកូនគោលដើម្បីសប្បុរសធម៌ដែលផ្តួចផ្តើមឡើងដោយលោក ម៉ឹង ពន្លក នាពេលនេះ ជាការរៀបចំឡើងលើកដំបូង ហើយចាប់ផ្តើមគិតគូរក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែមានការចូលរួមពីអ្នកនិយមលេងវាយកូនគោលជិត១០០នាក់។
លោក លី ហុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងក្តីរីករាយចំពោះព្រឹត្តិការណ៍វាយកូនគោលដើម្បីសប្បុរសធម៌នេះ។ លោកសង្ឃឹមថា លោក ម៉ឹង ពន្លក នឹងបង្កើតឱ្យមានព្រឹត្តិការណ៍បែបនេះនាពេលក្រោយទៀត។
លោក លី ហុង បានគូសបញ្ជាក់ដូច្នេះ «ព្រឹត្តិការណ៍នេះ យើងបានផ្សព្វផ្សាយក្នុងរយៈពេលដ៏ខ្លីបំផុត ប៉ុន្តែកីឡាករចូលរួមមានជិត១០០នាក់។ អ្នកចូលរួមនេះ គាត់មានចិត្តស្មោះស មានចិត្តចង់ចូលរួមជាមួយ។ ខ្ញុំសង្ឃឹមថា នៅពេលក្រោយឯកឧត្តម ម៉ឹង ពន្លក នឹងរៀបចំព្រឹត្តិការណ៍នេះបន្តទៀត ដើម្បីជួយដល់មន្ទីរពេទ្យ កុមារកំព្រា ឬក៏សង្គម»។
ព្រឹត្តិការណ៍ប្រកួតវាយកូនគោលដើម្បីសប្បុរសធម៌នេះ រៃអង្គាសថវិកាបានប្រមាណ ២៥,០០០ដុល្លារអាមេរិក សម្រាប់ជួយទៅមន្ទីរពេទ្យកុមារអង្គរ។ ថវិកានេះ នឹងបានជាចំណែកដ៏សំខាន់ដល់ដំណើរការរបស់មន្ទីរពេទ្យ ដែលកំពុងព្យាបាលកុមារដោយមិនគិតថ្លៃ ហើយកំពុងជួបការខ្វះខាតក្នុងប្រតិបត្តិការរបស់ខ្លួន។
ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដឹកនាំដោយលោក ម៉ឹង ពន្លក បានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើននៅក្នុងសង្គម។ លោក ម៉ឹង ពន្លក ចាត់ទុកការធ្វើសប្បុរសធម៌ ជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងសង្គម។ លោក ក៏បានលើកទឹកចិត្តដល់អ្នកមានលទ្ធភាពរួមគ្នាធ្វើសកម្មសប្បុរសធម៌ ដើម្បីជួយដល់អ្នកខ្វះខាត ឬអ្នកជួបការលំបាក។
សូមបញ្ជាក់ថា ការប្រកួតវាយកូនគោលនេះ មានកីឡាករចូលរួមជិត ១០០នាក់ ចែកចេញជា ១៦ក្រុម។ កីឡាករមានខ្មែរនៅក្នុងស្រុក មកពីអាមេរិក ហើយក៏មានកីឡាករជាជនជាតិអាមេរិក ចិន និងកូរ៉េផងដែរ។
បន្ទាប់ពីការប្រកួតហើយនោះ ក៏មានរៀបចំពិធីប្រគល់ពានរង្វាន់ ការស្រស់ស្រូបអាហារសាមគ្គី និងរាំលេងកម្សាន្តក្រោមបរិយាកាសដ៏សប្បាយរីករាយ៕