(មូស្គូ)៖ រថយន្តប្រណិតផ្លូវការ របស់លោកប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ម៉ាក BMW បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នៅតាមដងមហាវិថី នៃទីក្រុងម៉ូស្គូ បានបណ្តាលឲ្យអ្នកបើកឡាន ជំនាញ ៤០ឆ្នាំ និងជាមនុស្សជំនិតដែលលោកពូនទីន ពេញចិត្តបំផុត បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Mail នៃចក្រភពអង់គ្លេស នៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។
គ្រោះថ្នាក់នេះ គឺបានកើតឡើងអំឡុងពេល នៃការធ្វើដំណើរតាមក្បួនរថយន្ត របស់មន្ត្រីរុស្ស៊ី នៅទីក្រុងមូស្គូ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកញ្ញា ដែលមានរថយន្តលោក ពូទីន នៅពីមុខ ហើយនៅពេលដែល រថយន្ត BMW កំពុងចល័តយ៉ាងលឿននោះ រថយន្ត Mercedes មួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា បានរេចង្កូតចូលមកកាន់ផ្លូវរបស់ BMW បណ្តាលឲ្យបុកទល់មុខគ្នា ពេញទំហឹងតែម្តង។ តាមសេចក្តីរាយការណ៍ គឺលោក ពូទីន មិនបានស្ថិតនៅក្នុង រថយន្តមួយនោះឡើយ។
ប៉ូលិសរុស្ស៊ី បានអះអាងថា ក្រុមជំនាញកំពុងតែធ្វើការស៊ើបអង្កេត ជាបន្តទៀតអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលមិនគួរនឹងកើតមានឡើងនេះ។ ដោយឡែកអ្នកបើកឡាន Mercedes វិញបានទទួលរងរបួស ធ្ងន់ធ្ងរបំផុត និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទីក្រុងមូស្គូ៕