(ភ្នំពេញ)៖ ប្តីប្រពន្ធពីរនាក់ ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួននៅចំណុចផ្សារចាម ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ករណីឆបោកប្រាក់ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថាបានប្តីនៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ហើយជនសង្ស័យរត់គេចខ្លួនរហូត ឥឡូវនេះលេចចេញករណីមួយទៀតគឺ «នាំពលករខុសច្បាប់ទៅកូរ៉េ»។
សូមបញ្ជាក់ថា ក្រោយសមត្ថកិច្ចបញ្ជូនប្តីប្រពន្ធពីរនាក់នេះ មកតុលាការកាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ឥឡូវនេះ លេចករណីនាំពលករខុសច្បាប់ ទៅប្រទេសកូរ៉េមួយករណីទៀត ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ និងស្ត្រីឈ្មោះ សុក ស័កធីតា អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកដោយមានស្ថានទម្ងន់ទោសជាក្រុម មានការចាត់តាំងធ្វើសកម្មភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ និងបទសមគំនិត» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៣ តាមមាត្រា៣៧៧ មាត្រា ៣៨០ និងមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ។
សូមជំរាបថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាល, សម្តេចតេជោ ហ៊ុន សែន បានចរចាស្នើសុំ ភាគីកូរ៉េខាងត្បូង ក្នុងការទទួលយកពលករខ្មែរ ទៅធ្វើការនៅទីនោះ ហើយអ្វីដែលជាការរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យឈប់ចាញ់បោកក្រុមហ៊ុននាំពលករទៅធ្វើការនៅកូរ៉េទៀត, ព្រោះក្រសួងការងារ មិនដែលបានអនុញ្ញាតឲ្យ ក្រុមហ៊ុនណាមួយ មានសិទ្ធិនាំពលករទៅធ្វើការ នៅក្រៅប្រទេសនោះទេ មានតែក្រសួងទេដែល មានសិទ្ធិបញ្ជូនពលករ ទៅធ្វើការនៅកូរ៉េ៕