Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសកម្រិតធ្ងន់លើកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលបីគ្រាប់ បង្កការភ្ញាក់ផ្អើល

07-09-2016 09:59

(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានសម្រេចធ្វើការថ្កោលទោសកម្រិតធ្ងន់ ចំពោះ របបដឹកនាំកូរ៉េខាងជើង ដែលបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមចំនួនបីគ្រាប់ នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះនៅអំឡុងពេល ដែលមេដឹកនាំកំពូលៗលើលោក ចូលរួមកិច្ចប្រជុំ G20 នៅប្រទេស ចិន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

មេដឹកនាំពិភពលោកមកពី បណ្តាប្រទេសចំនួន ២០ និង តំណាងស្ថាប័នកំពូលៗ របស់អន្តរជាតិមួយចំនួនទៀត បានបញ្ចប់កិច្ចប្រជុំកំពូល G20 នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ប៉ុន្តែអំឡុងពេល នៃកិច្ចប្រជុំដ៏តានតឹង កូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្ត និងមានព្រំដែនជាប់នឹងភាគខាងកើត របស់ចិនដែរនោះ បានធ្វើការបាញ់ សាកល្បងគ្រាប់មីស៊ីលប្រភេទ Rodong ដែលមានសមត្ថភាពរត់ បានចម្ងាយ ១,៣០០ គីឡូម៉ែត្រចំនួនបីគ្រាប់ ដែលត្រូវបានមេដឹកនាំលោក គីម ជុងអ៊ុន អះអាងថា «ជាភាពជោគជ័យដ៏ល្អឥតខ្ជោះ»

បន្ទាប់ពីការបាញ់នោះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នៅក្នុងទីក្រុងហាងចូវ ភាគខាងកើត ប្រទេសចិន បានប្រកាសថា កូរ៉េខាងជើងនឹងទទួលសម្ពាធបន្ថែមទៀតពីទង្វើរបស់ខ្លួន។ ដោយឡែក ប្រទេសចិនដែលជាម្ចាស់ផ្ទះ បានប្រាប់គ្រប់គ្នាឲ្យមានការអត់ធ្មត់កម្រិតខ្ពស់ ដើម្បីកុំឲ្យស្ថានការណ៍ វិវឌ្ឍន៍ ទៅកាន់តែអាក្រក់ជាងនេះ៕