(ភ្នំពេញ)៖ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ បន្ទាប់ពីថៃបានដាក់ពាក្យ «សុងក្រាន ក្នុងប្រទេសថៃ- Songkran in Thailand» ជាសម្បត្ដិបេតិកភណ្ឌអរូបី របស់អង្គការយូណេស្កូមកធ្វើឲ្យមហាជនខ្មែរ អ្នកលេងបណ្ដាញសង្គម Facebook ខ្លះបានលើកយកពាក្យ «សង្រ្កាន្ដ» មកជជែកវែកញែកយ៉ាងផុលផុស រហូតអ្នកខ្លះបញ្ចេញមតិនៃគំនិ៎តខ្លួនថា ខ្មែរពុំគួរប្រើពាក្យ «សង្រ្កាន្ដ» ទៀតទេ ព្រោះប្រៀបដូចជា ការជួយផ្សព្វផ្សាយឲ្យសង្រ្កាន្ដថៃ ឬយ៉ាងនេះយ៉ាងនោះ។
តើខ្មែរគួរទាត់ចោលពាក្យ «សង្រ្កាន្ដ» ឬយ៉ាងណា ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ទេវតាព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ចំថ្ងៃសៅរ៍ ទី១៣ វេលាម៉ោង២២.២៤នាទី ជាថ្ងៃមហាសង្រ្កាន្ដ , ថ្ងៃទី១៤-១៥ជាថ្ងៃវិរ:វ័នបត និងថ្ងៃទី១៦ ជាថ្ងៃទ្បើងស័ក ដ៏ប្រពៃថ្លៃថ្លាដែលនឹងឈានមកដល់ខាងមុខនេះ។
បើពោលអំពីពាក្យ «សង្រ្កាន្ដ» ខ្មែរពុំគួរមានគំនិតទាត់ចោលនោះទេ។ ពីព្រោះពាក្យ «សង្រ្កាន្ដ» នេះ ខ្មែរយើងបានប្រើនិងស្គាល់តាំងពីរាប់ពាន់ឆ្នាំមកហើយ។ បើពោលឲ្យចំ តាំងពីបរមបុរាណតរៀងមក ខ្មែរហាក់ពុំដែលជជែកគ្នាយ៉ាងសម្បើម និងប្រទូស្ដរ៉ាយដូចសព្វថ្ងៃនេះទេ។
មួយវិញទៀត ចំពោះការអះអាងថា បើខ្មែរ ប្រើពាក្យ «សង្រ្កាន្ដ» ប្រៀបដូចជាការជួយផ្សព្វផ្សាយឲ្យសុងក្រានក្នុងប្រទេសថៃ វាហាក់ពុំសមទំនងទាល់តែសោះ។ ពីព្រោះអ្នកស្រាវជ្រាវមិនថា ជាតិខ្លួន ឬក៏បរទេសនោះទេ គេតែងស្វែងយល់អំពីប្រភពឫសគល់ នៃពាក្យរបស់វប្បធម៌នៃជាតិសាសន៍នីមួយៗយ៉ាងស៊ីជម្រៅបំផុត។ ហេតុនេះចំពោះគំនិតចង់ទាត់ចោលពាក្យសង្រ្កាន្ដនេះ តើមិនស្មើនឹងការទាត់ចោលនូវមរតកវប្បធម៌របស់បុព្វបុរសខ្លួន ដែលមានតាំងពីរាប់ពាន់ឆ្នាំមកហើយទេឬអ្វី?។
ពាក្យ «សង្រ្កាន្ដ» ជាភាសាសំស្រ្ដឹត និយាយតាមតារាសាស្រ្ដ ជាដំណើរគោចររបស់ព្រះអាទិត្យបាន១ជុំផែនដី ឬ១ជុំចក្រវាទ្ប គឺ១ឆ្នាំ។ ពីព្រោះដើម្បីរាប់ពេលវេលា គេចែកជារាសីចក្រ ទៅតាមដំណើរព្រះអាទិត្យ ជា១២ល្វែងរាសីចក្រ ឬ ល្វែងមេឃស្មើនិង១ឆ្នាំ។ ហើយព្រះអាទិត្យវិលជុំវិញ ១២ល្វែង បាន១ជុំ គឺបានផុតឆ្នាំចាស់ ចូលឆ្នាំថ្មី គេហៅថា «សង្រ្កាន្ដ» ថ្មី។
បើពោលឲ្យចំ «សង្រ្កាន្ដ» ជាភាសាសំស្រ្ដឹត ខ្មែរយើងមានភាសាខ្លួនឯងហៅថា «ចូលឆ្នាំថ្មី»។ ក្នុងកិច្ចពិធីផ្សេងៗ រវាងដាច់ឆ្នាំចាស់-ផ្លាស់ឆ្នាំថ្មីហ្នឹងឯង វាមានបីថ្ងៃជាប់គ្នាហៅថា វដ្ដសង្សាគឺថ្ងៃទី១ ហៅថ្ងៃដាច់ឆ្នាំចាស់ បន្ទាប់មកថ្ងៃទី២ ជាថ្ងៃអន្ដរកាល និងថ្ងៃទី៣ គឺថ្ងៃវីរទ្បើងស័កហៅ សង្រ្កាន្ដថ្មី។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះ បើនិយាយអំពីអំបូរភាសា-អក្សរនេះទៀតសោត របស់ជាតិសាសន៍នានា លើពិភពលោកនេះ ខ្មែរយើងជាជាតិសាសន៍មួយមានភាសា-អក្សរដ៏បរមបុរាណជាងគេនៅក្នុងតំបន់។ ហេតុនេះយើងត្រូវយល់ថា តាំងពីសម័យបរមបុរាណ ខ្មែរយើងមានភាសាផ្ទាល់ខ្លួនផង និងភាសាហូរចូលពីប្រទេសដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដមផង។
ក្នុងនោះ មានភាសាសំស្រ្ដឹត បន្ទាប់មកភាសាបាលី ជាភាសាបរមបុរាណ និងជាភាសាដែលធ្វើឲ្យថ្កុំថ្កើនឧត្ដុង្គឧត្ដមពីសម័យបុរាណ ចេញពីអរិយធម៌ឥណ្ឌា ពុំមែនភាសាអង់គ្លេស,បារាំង ដែលជាភាសាទើបនិងរីកចម្រើនថ្មី ក្លាយជាភាសាអរិយធម៌នៃសម័យទំនើបយើងនេះទេ។ ព្រោះវប្បធម៌ គឺជាអ្វីដែលមានពីយូរលង់មកហើយ។
សព្វថ្ងៃ អ្វីដែលគួរឲ្យកត់សម្គាល់គឺនៅត្រង់ថា ការយកពាក្យ «សង្រ្កាន្ដ» មកបូកនឹងឈ្មោះនេះ បូកនឹងឈ្មោះនោះ យ៉ាងគគ្រឹងគគ្រេងប៉ុណ្ណោះ។ ព្រោះវាហាក់ដូចនាំគ្នាបង្កើតថ្មី ដែលធ្វើឲ្យឃ្លាតចាកពីឫសគល់ក្បួនខ្នាតចាស់ នាំឲ្យយើងច្របូកច្របល់ ដល់អីចឹងទៅរកមូលហេតុមកបកស្រាយ វិលវល់ពេញបណ្តាញសង្គម Facebook គឺមិនខុសពីចាស់បុរាណពោលថា នាំគ្នាយកអាខុសមកពន្យល់អាខុសនោះទេ។
ដូច្នេះតាមទំនៀមនៅមុនពេលបុណ្យចូលឆ្នាំថ្មី គេនាំគ្នារៀបចំតុបតែងផ្ទះសម្បែង សម្អាតទីធ្លា វត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា និងត្រៀមសម្លៀកបំពាក់ថ្មីៗ ជូនដល់មាតាបិតា ជីដូនជីតាចាស់ទុំដើម្បីជាកិច្ចតបស្នងសងគុណដល់បុព្វការីជនរបស់ខ្លួន។ ព្រោះជំនឿថា ជាឱកាសជម្រះនូវឧបទ្រពចង្រៃនៅឆ្នាំចាស់ឲ្យជ្រះស្រឡះ ដើម្បីទទួលយកអ្វីដែលប្រសើរ ដែលល្អជាមួយ ទេវតាឆ្នាំថ្មី ក្នុងក្តីសោមនស្សរីករាយនិងក្សេមក្សាន្តមានសិរីសួស្ដីក្នុងសុខសន្តិភាព ។
ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ មនុស្សម្នាទាំងចាស់ទាំងក្មេង ទាំងកំលោះ ទាំងក្រមុំ ប្រជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗមានល្បែងចោលឈូង ល្បែងបោះអង្គញ់ លាក់កន្សែង រាំវង់ និងល្បែងប្រជាប្រិយខ្មែរពេញនិយមជាច្រើនទៀត ពោរពេញដោយភាពសប្បាយរីករាយ និងមានសាមគ្គីភាពបំផុត៕