(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ បានចេញលិខិតថ្កោលទោស ចំពោះការបំផ្ទុះគ្រាប់បែក នៅផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីយប់ម្សិលមិញ ហើយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម សហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មាននានា ដើម្បីឈានដល់ការកំណត់ អត្តសញ្ញាណជនល្មើស ដែលទទួលខុសត្រូវក្នុងករណីនេះ។
បើយោងតាមសេចក្តី របស់ក្រសួងមហារផ្ទៃ ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច។ ក្រសួងមហាផ្ទៃបញ្ជាក់ចុងក្រោយថា ករណីនេះមានអ្នករងរបួស៤នាក់ និងរថយន្ត៤គ្រឿង។
សូមជំរាបថា នៅថ្ងៃម្សិលមិញម៉ោងប្រមាណ ៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមានការបំផ្ទុះគ្រាប់បែក មួយគ្រាប់បណ្តាលឲ្យ មនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្បែរនោះខូចខាតផងដែរ។ តាមវីដេអូកាមេរ៉ា បានបង្ហាញថា ជនដៃដល់ដែលបំផ្ទុះគ្រាប់បែកជិះម៉ូតូ យកមកទម្លាក់លើផ្លូវ ១៦៣ ហើយរថយន្តលុច្សស៊ីសមួយគ្រឿង ដែលបើកតាមផ្លូវនេះ ក៏ផ្ទុះចំដោយចៃដន្យតែម្តង។
ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការបំផ្ទុះគ្រាប់បែកនេះ គឺជនបង្កមានចេតនា ធ្វើឱ្យសាធារណមតិជាតិ-អន្តរជាតិ មានការយល់ច្រឡំ ចំពោះសភាពការណ៍សន្តិសុខ របស់ប្រទេសកម្ពុជាទាំងមូល។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា កម្លាំងមានសមត្ថកិច្ច បាននិងកំពុង បន្តចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកជនល្មើសបញ្ជូន ទៅតុលាការធ្វើការផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ជាធរមាន ផងដែរ។
យ៉ាងណាក៏ដោយ ស្ថាប័នមានសមត្ថកិច្ចជាន់ខ្ពស់មួយនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ សហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធផ្សេងៗ ចំពោះហេតុការណ៍នេះ ដើម្បីឈានដល់ការកំណត់ អត្តសញ្ញាណជនល្មើស ដែលទទួលខុសត្រូវក្នុងរឿងនេះ៕