(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ មាននគរបាល និងអាវុធហត្ថ ដឹកនាំសម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តចុះទៅត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវបន្ថែមទៀត នៅកន្លែងបោកគ្រាប់បែក កាលពីយប់មិញ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ករណីបោកគ្រាប់បែកតាមដងផ្លូវនាយប់មិញនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលឲ្យរបួស៣នាក់ មានបុរសជនជាតិឥណ្ឌា បុរសជនជាតិវៀតណាម និងស្រ្តីជនជាតិខ្មែរម្នាក់ទៀត ព្រមទាំងរថយន្តចំនួន២គ្រឿងរងការខូចខាត។
ភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុ នាព្រឹកនេះ បានរាយការណ៍ថា កម្លាំងសមត្ថកិច្ច បានបន្តចុះសួរនាំប្រជាពលរដ្ឋ នៅក្បែរទីតាំងបំផ្ទុះគ្រាប់បែក និងដើរពិនិត្យមើល Camera សុវត្ថិភាពបន្ថែម ក្រែងទទួលបានព័ត៌មានខ្លះទៀត។
នៅព្រឹកថ្ងៃដដែលនេះ កំណាត់ផ្លូវ១៦៣ បានបើកចរាចរណ៍ឡើងវិញហើយ ក្រោយពីសមត្ថកិច្ច បានធ្វើការហ៊ុព័ទ្ធអស់មួយយប់មកនោះ។
តាមរយះVideo ដែលថតបានពីសកម្មភាពបំផ្ទុះគ្រាប់នាយប់មិញ បានបង្ហាញថា «ជនដៃដល់ជិះម៉ូតូ ទម្លាក់គ្រាប់បែកនៅលើផ្លូវ ស្របពេលនេះរថយន្ត RX400h មកដល់ក៏ផ្ទុះតែម្តង» (មើលវិដេអូ) ប៉ុន្តែមិនបណ្តាលឲ្យអ្នកបើករថយន្តរងរបួសនោះទេ ហើយអ្នកដែលរងរបួសទាំង៣នាក់នោះ គឺជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះប៉ុណ្ណោះ។ សម្រាប់អ្នកបើករថយន្តវិញ គេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនដឹងថា ស្រី ឫប្រុសដែរ៕