(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលរស់នៅស្រុកវាលវែងចំនួន ៥នាក់ បានប្រគល់អាវុធចំនួន ៥ដើម ជូនអាជ្ញាធរមានសមត្ថកិច្ច ក្រោយពីពួកគាត់ ទទួលបានការផ្សព្វផ្សាយទូលំទូលាយពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយភូមិឃុំសុវត្ថិភាព។ ពិធីប្រគល់អាវុធ ធ្វើឡើងនាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ហេង សុភាណា អភិបាលស្រុកវាលវែងផងដែរ។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ពលរដ្ឋទាំង៥នាក់ ដែលបានប្រគល់អាវុធទាំង៥ដើម មកឲ្យសមត្ថកិច្ចដោយខ្លួនឯងនោះមានឈ្មោះ៖
១-សោម រុង ភេទប្រុស អាយុ ២៣ឆ្នាំ ប្រគល់អាវុធ AKបត់ រលប់លេខ គុណភាព៥០% គ្មានបង់
២-រី ជីស ភេទប្រុស អាយុ ២៥ឆ្នាំ ប្រគល់អាវុធ CKC រលប់លេខ គុណភាព៣០% គ្មានបង់
៣-ទើញ សៅ ភេទប្រុស អាយុ ៤៦ឆ្នាំ ប្រគល់អាវុធ CKC រលប់លេខ គុណភាព៥០% គ្មានបង់
៤-ហូត រ៉ាត ភេទប្រុស អាយុ ២៨ឆ្នាំ ប្រគល់អាវុធ CKC រលប់លេខ គុណភាព២០% អ្នកទាំង៤រស់នៅ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង
៥-លន់ ហាក់ ភេទប្រុស អាយុ ៥៥ឆ្នាំ ប្រគល់អាវុធ AKបត់ លេខ១៧៣១ គុណភាព៥០% គ្មានបង់ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។
លោកអធិការបានបន្តថា ការដែលប្រជាពលរដ្ឋប្រគល់ឲ្យនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់ពីច្បាប់ និងចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំសុវត្ថិភាព ព្រោះថាការរក្សាទុកអាវុធ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់។ ជាមួយគ្នានោះ លោក ហេង សុភាណា អភិបាលស្រុកវាលវែង ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំង៥នាក់ ដែលប្រគល់អាវុធមកឲ្យសមត្ថកិច្ចដោយខ្លួនឯង ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ ក៏បានប្រគល់បន្តអាវុធទាំង ៥ដើម និងអាវុធកែច្នៃ ២០ដើមទៀត ជូនកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកវាលវែងរក្សាទុកផងដែរ៕