(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើផ្លូវដែកនៅកម្ពុជា បានដាក់ចេញវិធានការបន្ទាន់ចំនួន៣ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់នៅលើផ្លូវដែក។
នៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា បង្ហាញវិធានការពង្រឹងសុវត្ថិភាពតាមផ្លូវរថភ្លើង។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង នៅចំណុចផ្លូវទៅច្រកល្អៀង ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។
ក្នុងសន្និសីទសារព័ត៌មាន លោក ប៉េង ពោធិ៍នា បានសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រោយកើតហេតុនោះភ្លាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចុះបទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកទាំងពីរខ្សែរិះរកវិធានការបន្ទាន់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវដែក ជាពិសេសនៅចំណុចផ្លូវប្រសប់ និងផ្លូវឆ្លងកាត់។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ផ្លូវដែកទាំងពីរខ្សែ គឺខ្សែភ្នំពេញ-ព្រះសីហនុ និងខ្សែភ្នំពេញ-ប៉ោយប៉ែត មានផ្លូវឆ្លងកាត់សរុប ៩៧៥កន្លែង។ ក្នុងនោះ ផ្លូវឆ្លងកាត ៥២៥កន្លែង ជាផ្លូវសាធារណៈ ហើយងផ្លូវឆ្លងកាត់ ៤៥០កន្លែង ជាផ្លូវឯកជន។
បើតាមលោក ប៉េង ពោធិ៍នា ជាវិធានការបន្ទាន់ពង្រឹងសុវត្ថិភាពចរាចរណ៍តាមផ្លូវរថភ្លើងនេះ ក្រសួង និងក្រុមហ៊ុន បានដាក់ចេញវិធានការចំនួន៣រួមមាន៖ ១) បង្កើនការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាពតាមផ្លូវដែក, ២) បំពាក់ស្លាកសញ្ញាចរាចរណ៍ ឱ្យបានឆ្ងាយ ដើម្បីអ្នកបើកបរបានដឹងជាមុនបង្កើនស្មារតីប្រុងប្រយ័ត្ន និងទី៣) បង្កើនការផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋ។
លោក John Guiry បានគូសបញ្ជាក់ថា អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន បានធ្វើដំណើរពិនិត្យផ្លូវឆ្លងកាត់ផ្លូវរថភ្លើងទាំងពីរខ្សែរួចរាល់ហើយ។ ក្នុងនោះក្រុមហ៊ុននឹងដាក់ប៉ារ៉ាស់រាល់កន្លែងមានផ្លូវឆ្លងកាត់ ហើយផ្លូវឆ្លងកាត់ខុសច្បាស់ក្រុមហ៊ុននឹងបិទចោលតែម្តង៕