(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានចេញធ្វើសន្និសីទសារព័ត៌មានរួមគ្នា បង្ហាញវិធានការពង្រឹងសុវត្ថិភាពតាមផ្លូវរថភ្លើង ក៏ដូចជាបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង នៅចំណុចផ្លូវទៅច្រកល្អៀង ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។
ជាកិច្ចចាប់ផ្តើមនៃសន្និសីទសារព័ត៌មាន លោក ប៉េង ពោធិ៍នា បានសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រោយកើតហេតុនោះភ្លាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចុះបទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកទាំងពីរខ្សែរិះរកវិធានការបន្ទាន់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវដែក ជាពិសេសនៅចំណុចផ្លូវប្រសប់ និងផ្លូវឆ្លងកាត់។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ផ្លូវដែកទាំងពីរខ្សែ គឺខ្សែភ្នំពេញ-ព្រះសីហនុ និងខ្សែភ្នំពេញ-ប៉ោយប៉ែត មានផ្លូវឆ្លងកាត់សរុប ៩៧៥កន្លែង។ ក្នុងនោះ ផ្លូវឆ្លងកាត ៥២៥កន្លែង ជាផ្លូវសាធារណៈ ហើយងផ្លូវឆ្លងកាត់ ៤៥០កន្លែង ជាផ្លូវឯកជន។
បើតាមលោក ប៉េង ពោធិ៍នា ជាវិធានការបន្ទាន់ពង្រឹងសុវត្ថិភាពចរាចរណ៍តាមផ្លូវរថភ្លើងនេះ ក្រសួង និងក្រុមហ៊ុន បានដាក់ចេញវិធានការចំនួន៣រួមមាន៖ ១) បង្កើនការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាពតាមផ្លូវដែក, ២) បំពាក់ស្លាកសញ្ញាចរាចរណ៍ ឱ្យបានឆ្ងាយ ដើម្បីអ្នកបើកបរបានដឹងជាមុនបង្កើនស្មារតីប្រុងប្រយ័ត្ន និងទី៣) បង្កើនការផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋ។
លោក John Guiry បានគូសបញ្ជាក់ថា អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន បានធ្វើដំណើរពិនិត្យផ្លូវឆ្លងកាត់ផ្លូវរថភ្លើងទាំងពីរខ្សែរួចរាល់ហើយ។ ក្នុងនោះក្រុមហ៊ុននឹងដាក់ប៉ារ៉ាស់រាល់កន្លែងមានផ្លូវឆ្លងកាត់ ហើយផ្លូវឆ្លងកាត់ខុសច្បាស់ក្រុមហ៊ុននឹងបិទចោលតែម្តង។
ក្រៅពីបង្ហាញវិធានការពង្រឹងសុវត្ថិភាពចរាចរណ៍តាមផ្លូវរថភ្លើងហើយនោះ ក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅកម្ពុជា ដែលក្រសួងបានគិតគូរ និងកំណត់ផែនការអភិវឌ្ឍន៍ផងដែរ។
សូមទស្សនាខ្លឹមសារទាំងស្រុងនៃសន្និសីទសារព័ត៌មាន៖