(សៀមរាប)៖ រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារព្រមទាំង បានធ្វើបទបង្ហាញជូនប្រតិភូ ក្រុងឈីងដាវ ខេត្តសានដុង ដឹកនាំដោយលោក ចាន ស៊ីនឈីដាង ( Zhang Xingi ) អគ្គលេខារងបក្ស និងជាអភិបាលក្រុងឈីងដាវ ខេត្តសានដុង នៃសាធារណរដ្ឋប្រជាមានិចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសខេត្តសៀមរាប ។
លោកអភិបាលខេត្ត សម្តែងនូវមនោសញ្ចេតនារីករាយក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ចាង ស៊ីនឈី (Zhang Xinqi) អគ្គលេខារងបក្ស និងជាអភិបាលក្រុងឈីងដាវ ខេត្តសានដុង និងសមាជិកប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអញ្ជើញមកធ្វើទស្សនកិច្ច នៅខេត្តសៀមរាប នាពេលនេះ ដើម្បីជម្រុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាដៃគូ រវាងខេត្តសៀមរាប និងទីក្រុងឈីដាវ ដែលយើងបានចុះហត្ថលេខា ជាមួយគ្នា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៥កន្លងទៅនេះឲ្យកាន់តែស្និទស្នាល ថែមមួយកម្រិតទៀត។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ អភិបាលខេត្តសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រ ជាបន្តបន្ទាប់ និងផ្តល់ជំនួយនានាដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។
កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានចំណងទាក់ទងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ ពោលគឺចាប់តាំងពីមុនសម័យអង្គរមកម៉្លេះ។
ចំណងទាក់ទងនេះត្រូវបានពង្រីក និងពង្រឹងឲ្យកាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត នៅក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបាទ សម្តេចនរោត្តម សីហនុ តាមរយៈការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយជាបន្តបន្ទាប់ត្រូវបានលើកកម្ពស់បន្ថែមទៀត រហូតបានក្លាយទៅជាទំនាក់ទំនង នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។
ផ្តើមចេញពីគោលការណ៍ និងយុទ្ធសាស្រ្ត ទាំងអស់នេះ ទើបរដ្ឋាភិបាល និងបងប្អូន នៃសាធារណរដ្ឋប្រជាមានិតចិនបានជួយគាំទ្រលើគ្រប់ផ្នែក ដោយឡែកខេត្តសៀមរាបយើងខ្ញុំ ក៏ទទួលបានការឧបត្ថម្ភ លើវិស័យជាច្រើនដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ការបណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម ការអភិរក្សជួសជុលប្រាសាទបុរាណខ្មែរជាច្រើនផងដែរ។ ក្រៅពីវិស័យសាធារណៈ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានលើកទឹកចិត្ត និងជម្រុញឲ្យអ្នកវិយោគ ឯកជនចិនបណ្តាក់ទុននៅកម្ពុជានៅលើវិស័យជាច្រើនទៀតកាន់តែមានទំហំធំឡើងៗជាបន្តបន្ទាប់។
ជាក់ស្តែងសម្រាប់ខេត្តសៀមរាប មានក្រុមហ៊ុនចិនបានចុះ បញ្ជីពាណិជ្ជកម្មសរុបចំនួន១០៦ ក្នុងនោះក្រុមហ៊ុនមាន៥៥ និងសហគ្រាសឯកជនចំនួន៥១។ សកម្មភាពនេះបានជម្រុញកំណើន និងធ្វើឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នៅកម្ពុជាដែលរួមចំណែកបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមបន្ទាត់នយោបាយ និងយុទ្ធ-សាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងក្របខណ្ឌរដ្ឋបាលថា្នក់ក្រោមជាតិ ដោយមានគោលនយោ-បាយ ណែនាំដ៏ត្រឹមត្រូវរបស់ រដ្ឋាភិបាលទាំងពីរខេត្តសៀមរាបយើងខ្ញុំ បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព ជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន១៨ ក្នុងនោះ ខេត្តបានចុះអនុស្សរណៈយោគយល់គ្នា ចំនួន០៤ ខេត្ត-ក្រុង (តំបន់ស្វយ័តក្វាងស៊ី-ឈួន ក្រុងហាងចូវ ក្រុងវូហាន និងក្រុង ជីណាន) កិច្ចព្រមព្រៀងចំនួន០៣ ខេត្ត-ក្រុង (ខេត្តយូណាន ខេត្តជាំងស៊ី និងក្វាងស៊ីឈួង) និងលិខិតផ្តួចផ្តើម ចំនួន១១ ខេត្ត-ក្រុង (ទីក្រុងឆុងឈីង ខេត្តសានស៊ី ខេត្តក្វាងទុង ខេត្តជឺជាំង ក្រុងជីនហ័រ ក្រុងលីសួយ ក្រុងឈីងដាវ ខេត្តកួយចូវ ខេត្តអានហួយ ខេត្តហៃណាន ខេត្តហឺណាន )។
អភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាប នាពេលកន្លងមកហើយ នៅតែបន្តគាំទ្រដល់ការអភិឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ សូមជូនពរឲ្យការស្នាក់នៅ និងបំពេញទស្សនកិច្ចរបស់ លោក ប្រធានប្រតិភូ និងសមាជិកទាំងអស់បាន ទទួលជោគជ័យនិងសុភមង្គល និង សូមឲ្យដំណើរនិវត្តន៍ ទៅកាន់មាតុប្រទេស វិញប្រកបដោយសុខសុវត្ថិភាពកុំបីខាន៕