(ភ្នំពេញ)៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានជំរុញសមណនិស្សិត និស្សិត ត្រូវខិតខំរៀនសូត្រ និងប្ដូរផ្ដាច់សិក្សាឲ្យចប់ថ្នាក់ឧត្តមសិក្សា ដើម្បីពង្រីកចំណេះដឹង និងជាធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងពិធីសំណេះសំណាល និងកាត់វិញ្ញាសាប្រឡងប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក៏មានការយាងនិងអញ្ជើញរបស់សម្តេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ ព្រះសាកលវិទ្យាធិការរង ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងរួមទាំសមណ និស្សិត និស្សិតនៅពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា ពុទ្ធិក សរុប១៣៥០អង្គ/នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងថា ការឈានដល់បានសិក្សានៅថ្នាក់ឧត្តមសិក្សា គឺពិតជាមានសំណាង សម្រាប់សមណនិស្សិត និស្សិត ដូចនេះសូមឲ្យប្រឹងប្រែងរៀនសូត្រ និងត្រូវធ្វើជាមនុស្សគំរូ ព្រោះសុទ្ធសឹងតែបានទទួលនូវ ការអប់រំពីលោកគ្រូអ្នកគ្រូ តាំងពីថ្នាក់បឋម រហូតដល់វិទ្យាល័យ ក្នុងនោះត្រូវមានសីលធម៌ល្អ ចរិយធម៌ល្អ និងមានគុណធម៌ក្នុងខ្លួន។
លោកបណ្ឌិតបន្តថា មួយវិញទៀតសម្រាប់សមណនិស្សិត និងសិស្សនិស្សិត ដែលមានលទ្ធភាព សូមបន្តសិក្សាដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដើម្បីយកធនធានចំណេះដឹងរបស់ខ្លួន ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបណ្ដុះធនធានមនុស្ស ឲ្យបានកាន់តែច្រើន ក្នុងគោលបំណងធ្វើឲ្យសម្រេចបាននូវគោលដៅកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ជាមួយនេះលោក បណ្ឌិត ចាយ បូរិន បានថ្លែងអំណរព្រះគុណសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានខិតខំអស់កម្លាំងព្រះកាយ និងចិត្ត ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់នូវអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតខ្វះខាត ក៏ដូចជាជនជាតិដើមភាគតិចឲ្យបានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយមិនប្រកាន់និន្នការនយោបាយ សាសនានោះឡើយ។
លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការទទួលបន្ទុក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានលើកឡើងថា ឆ្នាំសិក្សា២០២៤-២០២៥ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានទទួលសមណនិស្សិត និងសិស្សនិស្សិត បានចំនួន ១ ៣៥០អង្គ/នាក់ ដែលសិក្សាលើ ៧ឯកទេស មានអក្សរសាស្ត្រខ្មែរ ទស្សនវិជ្ជា និងសាសនា នីតិសាស្ត្រ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រងទូទៅ វិទ្យាសាស្ត្រកុំព្យូទ័រ និងឯកទេសភាសារបរទេស ចំពោះការប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាន់ទី១៩ ឆ្នាំសិក្សា២០២៤-២០២៥ នាថ្ងៃនេះ បែងចែកជា២៥បន្ទប់ ក្នុងមួយបន្ទប់មានសមណនិស្សិត និស្សិតជាមធ្យមចំនួន៥៤អង្គ/នាក់ រួមទាំងអនុរក្សចំនួន១នាក់ និង មន្ត្រីត្រួតពិនិត្យការប្រឡងចំនួន១០នាក់។
លោកក៏បានបន្តថា ស្ថិតក្នុងឱកាសប្រកបដោយសេចក្តីសោមនស្សរីករាយ ដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវភាព សោមនស្សរីករាយយ៉ាងក្រៃលែង ហើយក៏សូមសម្ដែងនូវកតញ្ញូតាធម៌ គោរពប្រតិបត្តិ ថ្លែងអំណរគុណយ៉ាងជ្រាល ជាទីបំផុតចំពោះវត្តមានដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចព្រះពុទ្ធរ័ត្នរាជវង្សា ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជាទីបំផុតចំពោះ លោមបណ្ឌិត រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលតែងតែយកចិត្តទុកដាក់ ខ្វល់ខ្វាយ គាំទ្រ ទំនុកបម្រុង និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ក៏ដូចជាថ្នាក់ដឹកនាំពុទ្ធិកសាកល វិទ្យាល័យព្រះសីហមុនីរាជាដើម្បីបំពេញភារកិច្ច និងសម្រេចបាននូវបេសកកម្ម ស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាអាណត្តិទី៧នេះ៕