(ភ្នំពេញ)៖ នៅដើមខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តជូនមន្ត្រីរាជការទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ជាកិច្ចស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ រង្វាន់ជូនមន្ត្រីរាជការស្វាគមន៍បុណ្យចូលឆ្នាំថ្មីនេះ រួមមានការឧបត្ថម្ភថវិកា៥ម៉ឺនរៀល ជូនមន្ត្រីរាជការសម្រាប់បុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ ហើយក៏បានសម្រេចដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។
ប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងឱកាសបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ត្រូវបានអនុវត្តន៍ដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាច្រើនអាណត្តិមកហើយ។ ទម្លាប់ជាវប្បធម៌លើកទឹកចិត្តសម្រាប់មន្ត្រីរាជការខិតខំបំពេញការងារជូនជាតិ និងប្រជាជន បានបន្តមកដល់រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ បានធ្វើឱ្យមន្ត្រីរាជការទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធសម្តែងក្តីរីករាយ និងពេញចិត្តជាខ្លាំងផងដែរ។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលជាសាលាអប់រំកុមារខ្សោយបញ្ញាស្មារតី បានបង្ហាញការភ្ញាក់ផ្អើលបន្ទាប់ពីលោកបានឃើញអនុក្រឹត្យផ្តល់ប្រាក់ឧបត្ថម្ភ និងការដំឡើងប្រាក់បំណាច់មុខងារធ្លាក់ជាបន្តបន្ទាប់។ អនុក្រឹត្យប្រាក់បំណាច់មុខងារថ្មីនេះ លោក ចាន់ សារិន ទទួលបានមួយខែ ១លាន ៦៥ម៉ឺនរៀល។ ចំនួនប្រាក់បៀវត្សរ៍នេះ គឺឡើងប្រមាណ ១២ម៉ឺនរៀល។
ជាមួយអារម្មណ៍រីករាយ លោក ចាន់ សារិន បានមើលឃើញថា ការឧបត្ថម្ភថវិកាសម្រាប់បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ដូចជាការដំឡើងប្រាក់បំណាច់មុខងារ បង្ហាញឱ្យឃើញច្បាស់នូវការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលចំពោះជីវភាពរបស់មន្ត្រីរាជការ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់មន្ត្រីរាជការក្នុងការបំពេញការងារ។
កំណែទម្រង់រដ្ឋាភិបាលសាធារណៈ គឺជាកិច្ចការដ៏អាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ឱ្យពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ៨០ភាគរយ ហើយពង្រីកត្រឹមតែ២០ភាគរយប៉ុណ្ណោះ។ ពោលសម្តេចធិបតី លើកទឹកចិត្តឱ្យពង្រឹងសមត្ថភាពមន្ត្រីមានស្រាប់ ឱ្យច្រើនជាងការរើសថ្មី។
ការដំឡើងប្រាក់បំណាច់មុខងារដល់មន្ត្រីឱ្យខ្ពស់អាចរាប់ថា ជានយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈដើរឱ្យស្របនឹងការពង្រឹងសមត្ថភាពរបស់មន្ត្រី ឬពង្រីកការងាររបស់មន្ត្រីឱ្យកាន់តែសកម្ម។ មន្ត្រីធ្វើការខ្លាំង មានសមត្ថភាពខ្ពស់ ទទួលបានការលើកទឹកចិត្ត ដោយការដំឡើងប្រាក់បៀវត្សរ៍កាន់តែខ្ពស់។
លោក ចាន់ សារិន បានគាំទ្រលើនយោបាយ និងយុទ្ធសាស្ត្រកំណែទម្រង់ពង្រឹងសមត្ថភាព ពង្រីកលទ្ធភាពការងាររបស់មន្ត្រី ហើយផ្តល់ប្រាក់បៀវត្សរ៍ឱ្យខ្ពស់។ យុទ្ធសាស្ត្រនេះ គឺប្រសើរជាងរើសមន្ត្រីច្រើន លទ្ធភាពការងារខ្សោយ ហើយប្រាក់បៀវត្សរ៍ទាប។
វិបត្តិកូវីដ១៩ វិបត្តិសង្គ្រាម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ អតិផរណា បានក្លាយទៅជាបញ្ហាសេដ្ឋកិច្ចសកល។ កម្ពុជា ក៏ជាប្រទេសមួយដែលឥទ្ធិពលអាក្រក់នេះផងដែរ។ ក្រុមអ្នកនយោបាយប្រឆាំង បើកភ្នែកដកក ចំហមាត់ចង់ឃើញរាជរដ្ឋាភិបាលដួលរលំផ្នែកសេដ្ឋកិច្ច។ ពួកគេនាំគ្នាទស្សទាយខ្វះមូលដ្ឋានថា រាជរដ្ឋាភិបាលអាចដួលរលំ គ្មានលុយបើកឱ្យមន្ត្រីរាជការជាដើម។
ការសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ និងដំឡើងប្រាក់បំណាច់មុខងារ ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ជាសារច្បាស់ពីសមត្ថភាពផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំរដ្ឋនាពេលបច្ចុប្បន្ន។
លោក ចាន់ សារិន បានឆ្លើយតបទៅអ្នករង់ចាំមើលរាជរដ្ឋាភិបាលដួលរលំផ្នែកសេដ្ឋកិច្ចថា ពួកគេយល់ច្រឡំ និងមើលស្រាលរាជរដ្ឋាភិបាលពេកហើយ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហើយបន្តមកដល់សម្តេចធិបតី ជារាជរដ្ឋាភិបាលមានភាពច្បាស់លាស់លើការប្រើប្រាស់ថវិកាជាតិ មិនមែនជារាជរដ្ឋាភិបាលខ្ជះខ្ជាយនោះឡើយ។ ដូច្នេះរាជរដ្ឋាភិបាលនៅមានលទ្ធភាពគ្រប់គ្រាន់លើការចាត់ចែងថវិកាបំពេញសេចក្តីត្រូវការរបស់ជាតិ។