(កណ្តាល)៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំនួន៦១នាក់ ស្រី២៥នាក់ នៅមន្ទីរព័ត៌មានខេត្តកណ្តាល។
ការធ្វើតេស្តរកសារធាតុញៀននេះ ដោយអនុវត្តតាមបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ចាប វន្នី បានឱ្យដឹងថា ការធ្វើតេស្តរកសាធាតុញៀន លើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាពេលនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន។
សូមបញ្ជាក់ថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ នាពេលកន្លងមក គឺជាការបន្តឆន្ទៈពីរាជរដ្ឋាភិបាលអាណត្តិមុនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវធ្វើបន្តកុំឱ្យ បញ្ហាគ្រឿងញៀន ក្លាយជាជំងឺមហារីកកាន់តែធ្ងន់ទៅៗ នាំឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូលនាំទុក្ខដល់ប្រជាជនទូទៅ ក្នុងនោះមន្ត្រីរាជការទាំង៦១រូប រួមមានទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាល ជាលទ្ធផលគឺអវិជ្ជមានទាំងអស់៕