(ព្រះវិហារ)៖ លោក អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា ខេត្តព្រះវិហារមានការផ្កាស់ប្តូរ និងអភិវឌ្ឍន៍រីកចម្រើនខ្លាំង មិនចាញ់ខេត្ត ក្រុងដទៃនោះទេ តែត្រឹមរយៈពេលប៉ុន្មានឆ្នាំនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថ្លែងរបស់លោក អ៉ឹម សិទ្ធីរ៉ា ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលដីល្បាយថ្ម(ក្រួសក្រហម)ប្រវែង៦៤០០ម៉ែត្រ និងសំណង់សិល្បការ្យមយយចំនួនលើទំនប់សណ្តរ ក្រវាត់ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរក្រុងព្រះវិហារ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក អ៉ឹម សិទ្ធីរ៉ា ថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់សណ្តរក្រវាត់ក្រុងព្រះវិហារនាពេលនេះ សរបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍ ពីវឌ្ឍនភាព និងការរីកចម្រើនរបស់ព្រះរាជាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់ខេត្តព្រះវិហារ ដែលជាស្នាដៃរបស់ខេត្ត គឺការកសាងទំនប់សណ្តរនិងផ្លូវក្រវាត់ក្រុងព្រះវិហារ។
ទំនប់សណ្តរនេះមិនត្រឹមតែការពារបាននូវការលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ នារដូវវស្សានោះទេ ប៉ុន្តែទំនប់នេះក្លាយជាផ្លូវក្រវាត់ក្រុង ជាមួយនឹងការកសាងបន្តបន្ទាប់ទៀតនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាចាក់បេតុង ការក្រាលការ៉ូឡា ការដាក់លូ ការធ្វើទ្វារទឹក។ លោកថា ទំនប់នេះកសាងឡើងក្នុងគោលបំណងបម្រើប្រយោជន៍ប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ ជាពិសេសដើម្បីបញ្ជៀសការលិចលង់ក្នុងក្រុងប្រមាណ ២៨០ហិកតា ដែលមានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។
លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៉ឹម សិទ្ធីរ៉ា និងថ្នាក់ដឹកនាំក្រសួង ដែលបានវិភាជន៍ថវិកាសម្រាប់ការសាងសង់ កម្រោងផ្លុវទំនប់សណ្តរដ៏មានសារៈសំខាន់នេះ។ លោកក៏ថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំកសាងគម្រោង រៀបចំគំនូសប្លង់បច្ចេកទេស ដៅះស្រាយផលប៉ះពាល់ និងអនុវត្តគម្រោងតាមផែនការ រហូតសម្រេចបានជោកជ័យទាន់ពេលវេលា និងមានគុណភាព។
លោកអភិបាលខេត្តព្រះវិហារថ្លែងបន្តថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះវិហារ បានកំណត់ចក្ខុវិស័យក្នុងការអភិវឌ្ឍហេដ្ឋារចាសម្ព័ន្ធនានាក្នុងខេត្ត និងតភ្ជាប់ទៅតាមបណ្តាលក្រុង ស្រុក ឃុំ សង្កាត់ ដោយប្រែក្លាយពីផ្លូវដីមកជាផ្លូវក្រាលក្រួសក្រហម និងពីផ្លូវក្រួសក្រហម មកជាផ្លូវកៅស៊ូ ឫជាផ្លូវបេតុង ជាពិសេសគឺប្រែក្លាយផ្លូវក្នុងក្រុងព្រះវិហារទាំងអស់ ទៅជាផ្លូវកៅស៊ូឫផ្លុវបេតុង សំដៅលើកកម្ពស់សោភ័ណភាពមុខមាត់ខេត្ត និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តផងដែរ។
ដោយឡែកលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តព្រះវិហារ បានថ្លែងថា ទំនប់សណ្តរនេះចាប់ផ្តើមកសាងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ មានប្រវែងសរុប ៦៤០០ម៉ែត្រ ដោយក្រាលដីល្បាយថ្ម មានទទឹង ១០ម៉ែត្រ មានកម្ពស់ជាមធ្យម ១០ម៉ែត្រ។ គោលបំណងនៃការសាងសង់ផ្លូវទំនប់សណ្តរនេះឡើង គឺដើម្បីបញ្ជៀសការលិចលង់ក្នុងក្រុងព្រះវិហារ ក្រោយការបិទទំនប់ទឹកនៃគម្រោងអភិវឌ្ឍអាងទឹករក្សា៕