(ស្វាយរៀង)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានស្នើមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងសហការគ្នាជំរុញការងារការថែទាំសុខភាពបឋម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព វិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរឡើង។
ការថ្លែងបែបនេះរបស់លោក តូច ប៉ូលីវ៉ា ខណៈដែលលោកតំណាងលោកអភិបាលខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធី សិក្ខាសាលាតម្រង់ទិសស្តីពីការអនុវត្ត ការជំរុញបង្កើនការថែទាំសុខភាពបឋមនៅសាលប្រជុំសាលាខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។
សិក្ខាសាលានេះមានការចូលរួមពីលោក នាយករដ្ឋបាល សាលាខេត្ត លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក លោកស្រី អភិបាលរងក្រុងស្រុក សមាជិកក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាព ជាសមាជិកជំរុញបង្កើនការថែទាំសុខភាព លោក លោកស្រី ប្រធាន-អនុប្រធាន សមាជិក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តជាច្រលននាក់ផងដែរ។
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណ និងកោតសរសើរលោក លោកស្រី ថ្នាក់ដឹកនាំនិងក្រុមការងារជំនាញ មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាល់ថ្នាក់ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ចំណេះដឹង និងឆន្ទៈចូលរួមចំណែកយ៉ាងសកម្ម ខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ និងសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរឲ្យកត់សម្គាល់ ទាំងការចូលរួមបំពេញបេសកកម្មការងារសង្គ្រោះ និងព្យាបាល ការងារសង្គម និងមនុស្សធម៌ផ្សេងៗនៅក្នុងខេត្តស្វាយរៀង។ ចំពោះសមិទ្ធិផលដែលខេត្តស្វាយរៀងទទួលបានទាំងការបម្រើសេវាសុខភាព ជាពិសេសការផ្តល់សេវាថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នៅក្នុងខេត្តស្វាយរៀង។
លោកបន្តថា «សិក្ខាសាលាតម្រង់ទិសនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជាធាតុចូលមួយក្នុងការបញ្ជ្រាប សកម្មភាពការផ្តល់សេវាថែទាំសុខភាពបឋម ចូលក្នុងផែនការវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ សង្កាត់ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចេរភាពនិងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧»។
លោកបណ្ឌិតបន្ថែមថា ដើម្បីអនុវត្តការងារនេះមានប្រសិទ្ធភាព សូមស្នើដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ ក្នុងការពង្រឹងមណ្ឌល សុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្ត ខិតខំចូលរួមរៀនសូត្របង្កើនសមត្ថភាពផងដែរ។
ជាមួយគ្នានេះលោកបណ្ឌិតបានមានមតិផ្តាំផ្ងើរដល់មន្រ្តីពាក់ព័ន្ធគ្រប់រូប៖
១-សូមយកចិត្តទុកដាក់ និងកត់ត្រាចំណុចសំខាន់ គន្លឹះក្នុងសិក្ខានេះដើម្បីយកទៅអនុវត្តការងារបន្តឱ្យមានប្រសិទ្ធិភាពខ្ពស់នៅក្នុងមូលដ្ឋានខ្លួន
២-បន្តចូលរួមក្នុងការអប់រំផ្សព្វផ្សាយអំពីបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ទាំងក្នុងការចុះជួបផ្ទាល់ ក៏ដូចជាផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផងដែរ
៣-ខិតខំបន្តការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺ សង្រ្គោះបឋម ការផ្ដល់ជូនឱសថសម្រាប់ព្យាបាល
ដល់ប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ ។
៤-បន្តចូលរួមសកម្មភាពយុទ្ធនាការនានា ការអំពាវនាវផ្សេងៗ តាមការចាំបាច់របស់ក្រុមការងារអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម និងរដ្ឋបាលខេត្ត។
៥-បន្តកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ។
៦-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងទៀត និងកៀរគរធនធាន
៧-ការិយាល័យស្រុកប្រតិបត្តិ មានតួនាទីរៀបចំរចនាសម្ព័ន្ធសេវាថែទាំសុខភាពបឋម ដោយផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងការ គ្រប់គ្រងចាំបាច់ទៅឱ្យមូលដ្ឋានសុខាភិបាលជួរមុខ។
៨-ត្រៀមរៀបចំផែនការមេ សម្រាប់អនុវត្តនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងឱ្យបានឆាប់រហ័ស ដើម្បីឈានទៅសម្រេចផែនការបន្តបន្ទាប់ទៀត ទទួលបានលទ្ធផលល្អ ៕