(កំពង់ឆ្នាំង)៖ លោកគ្រូ-អ្នកគ្រូ និងសិក្សានុសិស្ស នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីតាំងពិព័រណ៌ ស្នាដៃសិស្ស និងពិធីសង្ក្រាន្តឆ្នាំថ្មី ក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការសហការចូលរួមពីរដ្ឋបាលក្រុងកំពង់ឆ្នាំង ការិយាល័យអប់រំយុវជន និងកីឡា ក្រុងកំពង់ឆ្នាំង និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវិទ្យាល័យព្រះបាទសុរាម្រិតផងដែរ។

លោក យិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ពិធីតាំងពិព័រណ៌ស្នាដៃសិស្សានុសិស្ស ក្នុងវិទ្យាល័យព្រះបាទសុរាម្រិតក្នុងពេលនេះ បានបង្ហាញអំពីចំណេះដឹង ចំណេះធ្វើរបស់សិស្សានុសិស្ស ដែលជាការវាស់ស្ទង់នូវចំណេះដឹងបំណិនជីវិត សម្រាប់អនាគតសិស្សដែលជាទំពាំងស្នងឬស្សី បន្តវេនក្នុងការអភិវឌ្ឍន៍សង្គមជាតិពីរៀមច្បងយើង។

ទន្ទឹមគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា ពាក្យថា សង្ក្រាន្ត ភាសាសាំងសក្រិត្យ ដែលជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរ មានតាំងពីបុរាណកាលមក ជាពិសេសមានរូបភាពបញ្ជាក់យ៉ាង ច្បាស់នៅលើសិលាចារឹកជញ្ជាំងអង្គរវត្ត។ សង្ក្រាន្តនេះ បានប្រើប្រាស់នៅក្នុងប្រទេសចំនួន៤៖ មានកម្ពុជា-ថៃ-ឡាវ-និងភូមា-ដែលមានការថែរក្សាប្រពៃណី វប្បធម៌របស់ប្រទេសជាតិនីមួយៗ ដោយឡែកៗពីគ្នា។

ចំពោះសង្ក្រាន្តរបស់ខ្មែរយើង គឺមានការលេងល្បែងប្រជាប្រិយ ជាប្រពៃណីរបស់ខ្មែរមានដូចជា៖ ចោលឈូង-បោះអង្គុញ-លាក់កន្សែង-ទាញព្រ័ត្រ-ដណ្ដើមស្លឹកឈើ-វាយក្អម-រាំវងើ-រាំក្បាច់-រាំសារ៉ាវ៉ាន់-ជា ដើម។ល។។ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរយើងនៅតាមតំបន់មួយចំនួន បែរជាយកសង្ក្រាន្តវប្បធម៌របស់ប្រទេសដទៃ មកលេងនៅក្នុងស្រុកយើង ដូចជាការលេងបាញ់ទឹក លេងប៉ាតម្សៅជាដើមទាំងនេះ គឺជាវប្បធម៌ប្រពៃណីរបស់ប្រទេសគេ។

ដូច្នេះ ក្នុងនាមសិស្សានុសិស្សដែលជាយុវជនសសរ ទ្រូងរបស់ប្រទេសជាតិ និងជាទំពាំងស្នងឬស្សីត្រូវតែរួបរួមគ្នាថែរក្សាសង្ក្រាន្ត ដែលជាប្រពៃណីរបស់ដូន តាខ្មែរយើងឲ្យបានគង់វង្ស ដោយត្រូវណែនាំអប់រំបង ប្អូនកូនចៅរបស់យើង កុំនាំគ្នាចម្លងវប្បធម៌សង្ក្រាន្តរបស់គេ គឺកុំនាំគ្នាលេងបាញ់ទឹក និងកុំលេងប៉ាតម្សៅក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំខ្មែរជាបន្តទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោកអភិបាលរងខេត្ត។

គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីខាងលើនេះ វិទ្យាល័យ និងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី រយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមេសា ដោយមានការបង្កលក្ខណៈឲ្យសិស្សាសិស្ស នៅក្នុងវិទ្យាល័យលេងល្បែង ប្រជាប្រិយខ្មែរគ្រប់រូបភាព ដែលមានតាំងពីដូនតាមក ដើម្បីរួមគ្នារក្សាវប្បធម៌ប្រពៃណីសង្ក្រាន្តរបស់ខ្មែរយើង និងដើម្បីអបអរពិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងពេលខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ដែលជាទំនៀមទម្លាប់តាំងពីដូនតារបស់យើងមក៕
.