(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ បានបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ ដើម្បីដោះស្រាយលើបញ្ហាពាក់ព័ន្ធមួយចំនួន ទៅនឹងរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ,អាជ្ញាធរក្រុង-ស្រុក លោកនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោត ទៅលើការស្នើសុំបង្កើតទីចាត់ការទីក្រុងឆ្លាតវៃ, ពាក់ព័ន្ធធនធានមនុស្សនៃរដ្ឋបាលខេត្ត, បញ្ហាការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនះ និងហ្គាស ក្នុងការចេញនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្ម។ ក្នុងនោះដែរ ត្រូវបានថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធបានធ្វើការបកស្រាយបំភ្លឺ ទៅនឹងសំណួរ របស់សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងផងដែរ។
ឱកាសនោះដែរ លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារប្រចាំខែកុម្ភះ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន ក្នុងឱកាសរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង នៅថ្ងៃខាងមុខនេះ និង ការរៀបចំសោភណ្ឌភាពក្រុង នៅតាមដងស្ទឹង ដងផ្លូវ វិថីនានាក្នុងក្រុង ដោយរដ្ឋបាលខេត្តក៏បានរៀបចំធ្វើកម្មវិធីសៀមរាបសង្ក្រាន្តផងដែរ។ ម៉្យាងទៀតត្រូវអនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។
លោក អ៊ាន ឃុន បានលើកឡើងថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ស្រី លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៩របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។
លោក អ៊ាន ឃុន បានបន្តថា នៅថ្ងៃខាងមុខនេះ នៅខេត្តសៀមរាបក៏រៀបចំពិធី «សៀមរាបសង្ក្រាន្ត» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្ស ថែរក្សា ប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរយើង ប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ។ ការរៀបចំធ្វើ «សៀមរាបសង្ក្រាន្ត» ស្របពេលដូចជាការគាំទ្រដល់យុទ្ធនាការទស្សនា «សៀមរាបឆ្នាំ២០២៤» ដើមី្បបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
លោកក៏បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវភាពជោគជ័យសម្រាប់ខេត្តផងដែរ។ លោកក៏បានសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ សូមអញ្ជើញមកចូលរួមប្រជុំឲ្យបានគ្រប់គ្នា ហើយកិច្ចប្រជុំសាមញ្ញលើកទី៦០ នាខែឧសភា គឺជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ហើយនៅអាណត្តិក្រោយក៏មានការផ្លាស់ប្តូរសមសភាពមួយចំនួនផងដែរ។
លោកបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕