(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការចម្រុះខេត្ត ក្រុងដើម្បីបន្តចុះត្រួតពិនិត្យរៀបចំសន្តិសុខសណ្តាប់ធ្នាប់ទីក្រុងស្អាត និងរម្មណីដ្ឋានស្អាតដើម្បីលើកស្ទួយផ្នែក វិស័យទេសចរណ៍ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោក ហាក់ ឡេង បានថ្លែងឲ្យដឹងថា ក្រោយអាជ្ញាធរបានដាក់ឱសានវាទរយៈ១សប្តាហ៍មិនឲ្យអាជីវកដាក់តាំងលក់ចូលចំណីផ្លូវសាធារណៈឃើញថា អាជីវករបានយល់ដឹង និងអនុវត្តន៍តាមការណែនាំរបស់ អាជ្ញាធរបានប្រហែល៩០ភាគរយ ក្នុងការចូលរួមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវសាធារណៈក្នុងខេត្ត ឲ្យមានសោមភ័ណ្ឌភាព និងផាសុខភាព និងដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ ឲ្យមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ក្នុងការធ្វើដំណើរកំសាន្តក្នុងទឹកដីខេត្តកោះកុង ឲ្យមានកំណើនខ្ពស់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រណៃណីជាតិនាប៉ុន្មានថ្ងៃខាងមុខនេះ។
លោកបានបន្តថា ទោះបីយ៉ាងណាក៏រដ្ឋបាលខេត្ត នៅតែប្រើសន្តិវិធីត្រជាក់ក្នុងការចុះត្រួតពិនិត្យ និងធ្វើណែនាំឲ្យអាជីវករ ដែលដាក់លក់ដូរលំហូរចូលមកលើកដងផ្លូវសាធារណៈលើសការកំណត់ ចិញ្ចើមផ្លូវណែនាំកុំឲ្យ អាជីវករដាក់លក់ដូរលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត និងឲ្យរុះរើចេញ បើអាជ្ញាធរណែនាំអាជីវកម្ចាស់ទីតាំងមិនរុះរើទេអាជ្ញាធរប្រើវិធានក្តៅចុះរុះរើ និងដកហូតសម្ភារដែលដាក់លក់ហួសដែនកំណត់យកមករក្សាទុក នៅសាលាក្រុងដើម្បីដោះស្រាយនិងដើម្បីឲ្យពួកគាត់គោរពច្បាប់របស់អាជ្ញាធរផង។
លោកអភិបាលរងរូបនេះ បានបន្ថែមថា គណៈកម្មការចម្រុះយើងបានវាស់វែងពីចិញ្ចើមផ្លូវ១ម៉ែត្រ២តឹក និយាយរួមឲ្យពួកគាត់ថយក្រោយបន្តិចដើម្បីទុកលើចិញ្ចឹមផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ព្រះសង្ឃងាយស្រួលធ្វើចរាចរណ៍ផុតពីគ្រោះថ្នាក់ផងដែរ ហើយធ្វើឲ្យមានសោភ័ណ្ឌភាពតាមដងផ្លូវទៀតផង។
លោកអភិបាលរងបានបន្តថា ថ្ងៃនេះគណៈកម្មការចម្រុះចុះពិនិត្យ នឹងធ្វើការណែនាំម្តងទៀតជាលើទី២ ដល់ម្ចាស់អាជីវកម្មលក់ដូរលើកផ្លូវសាធារណៈ និងណែនាំឲ្យអាជីវករ ចូលរួមសហការរៀបចំហេដ្ឋាចរនាសម្ព័ន្ធ នៅមុខលំនៅដ្ឋានឲ្យមានសោភ័ណ្ឌភាព ដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោកបានបញ្ជាក់ថា ចាប់ថ្ងៃនេះតទៅអាជ្ញាធរត្រូវចុះត្រួតពិនិត្យអនុវត្តន៍ជាប្រចាំដូចភ្លៀងរលឹមមិនអាចឆ្វេសប្រហែសបានឡើយ ក្នុង១សប្តាហ៍ចុះត្រួតពិនិត្យឲ្យបានរយៈពេល២ថ្ងៃ ជាកំណត់បើសិនមានអាជីវករណាម្នាក់មិនចូលរួម សហការទេអាជ្ញាធរនិងធ្វើកិច្ចសន្យាជាមួយគាត់ភ្លាមៗ គឺដើម្បីហេដ្ឋារចនាសោភ័ណ្ឌភាពខេត្តនៅតាមដងផ្លូវសាធារណៈ និងសោភ័ណ្ឌភាពមុខផ្ទះសុខភាពពួកគាត់ផងដែរ៕