(កំពង់ស្ពឺ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានពន្លឿនក្នុងការជួសជុល និងពង្រីកតួផ្លូវពីទទឹងជាង៤ម៉ែត្រ ទៅទទឹង៦ម៉ែត្រ និងក្រាលកៅស៊ូ២ស្រទាប់ (DBST) ឲ្យកាន់តែប្រសើរជាងមុនងាយស្រួល ក្នុងការបញ្ជៀសចរាចរណ៍ទៅ-មក របស់ប្រជាពលរដ្ឋ និងក្រុមភ្ញៀវទេសចរណ៍។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ថា ការងារនេះបានធ្វើឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោកថា «តម្រូវការចាំបាច់អំពីកំណើនទេសចរណ៍ដែលមកលេងកំសាន្តនៅលើភ្នំគីរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ) ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានភ្ញៀវមកកំសាន្តច្រើន ទើបតម្រូវការចាំបាច់ត្រូវពង្រីកតួ ផ្លូវឲ្យកាន់តែធំ និងជួសជុលជង្ហុកដែលខូចខាតដោយសារតែទឹកភ្លៀងឲ្យបានប្រសើរឡើងវិញ»។
លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ផ្លូវមួយខ្សែនេះមានប្រវែង២៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ រហូតដល់លើភ្នំ ហើយបច្ចុប្បន្ននេះមន្ទីរបានថែទាំជាប្រចាំ និងជួសជុលរួចមានប្រវែងជាង១០គីឡូម៉ែត្រហើយ។ សព្វថ្ងៃមន្ទីរបានពន្លឿនការជួសជុលឲ្យបានល្អប្រសើរ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិ២០២៤។
លោកប្រធានមន្ទីរបានបញ្ជាក់ថា «ការជួសជុលបានជួបផលវិបាកខ្លះដោយសារតែស្ថានភាពផ្លូវឡើងភ្នំ ហើយមានផ្លូវបត់បែនជាច្រើនកន្លែង ធ្វើឲ្យគ្រឿងចក្រខ្លះមិនអាចប្រើបច្ចេកទេសដូចផ្លូវលាតស្មើបានឡើយ»។ រំលឹកថា ផ្លូវមួយខ្សែនេះបានបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម ដែលកសាងឡើងដោយ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ (ព្រះមរមរតកោដ្ឋ)៕