(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលចែករំលែកចំណេះដឹង ស្តីពីការឈ្វេងយល់ពីប្រព័ន្ធ Artificial Intelligence (AI) នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងមានលោកបណ្ឌិត ឡាយ គីរី ជាវាគ្មិនកិត្តិយស ព្រមទាំងមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និង មន្រ្តីទាំងអស់នៃ ន.ប.ធ. មន្រ្តីតំណាងមកពីនិយ័តករ និងអង្គភាពក្រោមឱវាទ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ (អ.ស.ហ.)។
ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ស្របតាមផែនការសកម្មភាពរបស់ ន.ប.ធ. ក្នុងការចាប់យកនវានុវត្តន៏ បច្ចេកវិទ្យា និងក្នុងគោលបំណង ដើម្បីសិក្សាឈ្វេងយល់ពីដំណើរការ, របៀបប្រើប្រាស់ និងអត្ថប្រយោជន៍របស់ AI ក្នុងការជួយសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃ, បង្កើនផលិតភាពការងារ, និងជាទុនចំណេះដឹងបន្ថែមក្នុងការ ចូលរួមចំណែកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា នៅក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាវិស័យហិរញ្ញវត្ថុជារួម៕