(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចស្តុបវត្តជន្លង់ម្លូ លើផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានី ភ្នំពេញ រវាងម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ស គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ គឹម គឹមសាន ភេទប្រុស អាយុ២៣ឆ្នាំ ដោយមានអ្នករួមដំណើរឈ្មោះ សុខ ឃូ ភេទប្រុស អាយុ១៨ឆ្នាំ និងម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1U-7089 បើកបរដោយឈ្មោះ ហ៊ុន ហន ភេទប្រុស អាយុ៣១ឆ្នាំ ដោយមានអ្នករួមដំណើរឈ្មោះ ថេង ពិសិន ភេទស្រី អាយុ២៨ឆ្នាំ, ឈ្មោះ ហន លីដា ភេទស្រី អាយុ៩ឆ្នាំ និងឈ្មោះ ហន លីហួ ភេទប្រុស អាយុ១ខួប១០ខែ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារភាគីម៉ូតូម៉ាក HONDA C125 ពណ៌ស គ្មានពាក់ផ្លាកលេខ បើកបរក្នុងល្បឿនលឿន និងមិនគោរពភ្លើងស្តុបក៏បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1U-7089 បណ្តាលឲ្យឈ្មោះ សុខ ឃូ, ឈ្មោះ ហ៊ុន ហន, ឈ្មោះ ថេង ពិសិន, ឈ្មោះ ហន លីដា រងរបួស និងឈ្មោះ ហន លីហួ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់លើភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើ ឈ្មោះ គីម គឹមសាន ភេទប្រុស អាយុ២៣ឆ្នាំ ពីបទបើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕