(បន្ទាយមានជ័យ)៖ តាមរបាយការណ៍ របស់កងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅចំណុចគោកម្រះព្រៅ ស្ថិតក្នុងភូមិកូនក្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលបណ្តាលឲ្យជនរងគ្រោះ ២នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។
របាយការណ៍ដដែល បញ្ជាក់ថា គ្រោះថា្នក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាក Camry ពណ៌សំបកឳឡឹក ពាក់ស្លាកលេខបាត់ដំបង2A-1334 បើកបរដោយ ឈោ្មះ តាន់ ង៉ា អាយុ២៧ឆ្នាំ រស់នៅស្រុកមង្គលបូរី (របួសស្រាល) ចំណែកឯអ្នករួមដំណើរ ទី១-ឈ្មោះដុក ក្រប អាយុ២៧ឆ្នាំ រស់នៅភូមិក្តុល ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប (របួសស្រាល) ទី២-ឈ្មោះ ណៃ អាយុ២៧ឆ្នាំ រស់នៅភូមិអូអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ទី៣-ឈ្មោះញ៉ាក់ រ៉ាយុទ្ធ អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំថ្មខាងជើង ស្រុកភ្នំស្រុក(ស្លាប់) និងទី៤-ឈ្មោះ សារ៉ា អាយុ២៤ឆ្នាំ រស់នៅភូមិចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ស្លាប់)។
លោក ស៊ិន ដៀម មេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីអ្នកបើកបរ និងអ្នករួមដំណើរស្រវឹងស្រា ចេញពីភូមិកូនខ្លែង ត្រឡប់មកផ្ទះវិញ លុះដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកដើមត្រសេកបណ្ដាលឲ្យគ្រោះថ្នាក់តែម្ដង។
ក្រោយពេលកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យរៀងៗខ្លួន ចំណែកអ្នករងរបួស បានបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក រីឯរថយន្តត្រូវបាន យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕