(សេអ៊ូ)៖ គ្រោះទឹកជំនន់ដែល បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិត មនុស្សចំនួន ៦០នាក់ និងបន្សល់ទុកជាង ៤៤,០០០នាក់ទៀត គ្មានទីជ្រកកោណ បន្ទាប់ពីទន្លេនៅ ភាគខាងជើង ឈៀងខាងកើត ប្រទេសកូរ៉េខាងជើង បានជន់លិចយ៉ាងខ្លាំង មិនធ្លាប់មាន។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពព័ត៌មានពីសារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA បញ្ជាក់ថាទន្លេ Tumen ដែលនៅជាប់ព្រំដែនចិន និងរុស្ស៊ី បានបង្កជា គ្រោះទឹកជំនន់ដែលធំជាងគេ ពុំធ្លាប់កើតមានឡើយ នៅក្នុងប្រទេសអាស៊ីឦសាននេះ ដែល វាបានបណ្តាលមកពី ការមានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាប់គ្នារយៈពេលបួនថ្ងៃ។
សេចក្តីថ្លែងការណ៍របស់ អង្គការសហប្រជាតិ ដោយយោងតាមរបាយការណ៍ របស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងទៀតថា តំបន់ Musan និង Hoeryong ដែលនៅក្បែរទន្លេ Tumen ទទួលរងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយមនុស្សចំនួន ៦០នាក់ បានស្លាប់ និងពលរដ្ឋកូរ៉េខាងជើង ចំនួន៥ភាគរយ ដែលរស់នៅតំបន់ទាំងពីរ បានបាត់បង់ទីជម្រក។ របាយការណ៍បានបញ្ជាក់ពី ទំហំនៃការខូចខាត ដោយសារគ្រោះមហន្តរាយទឹកជំនន់នេះ ដូចជា «អាគារជិត៩,០០០ខ្នងបានដួលរលំ និងខូចខាត រួមជាមួយនឹងផ្ទៃដីកសិកម្មទំហំ ១០,០០០ហិកតា ត្រូវបានជន់លិច»។
គួរបញ្ជាក់ដែរថា កូរ៉េខាងជើង ដែលជាប្រទេសដ៏ឯកោមួយនេះ ងាយនឹងទទួលរង នូវគ្រោះធម្មជាតិណាស់ ជាពិសេសគឺគ្រោះទឹកជំនន់តែម្តង ដោយសារភាពមិនអំណោយផល នៃសណ្ឋានដី របស់ប្រទេសមួយនេះ។ កាលពីឆ្នាំ២០១២ ព្យុះភ្លៀងដ៏សាហាវមួយ បានឆក់យកជីវិតប្រជាជន កូរ៉េខាងជើងយ៉ាងហោចណាស់ ១៦៩នាក់៕