(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តំណាងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្រ្តីរាជការរដ្ឋសភាទាំងអស់ បានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា «អនុប្រធានទី១ ព្រឹទ្ធសភា» នាសម័យប្រជុំព្រឹទ្ធសភា លើកទី១ នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះ អស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំង បានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ការទទួលមុខតំណែងជា «អនុប្រធានទី១ ព្រឹទ្ធសភា» គឺជាមហាកិត្តិយសសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសម ចំពោះគុណវុឌ្ឍរបស់ ឯកឧត្តម ដែលជាជើងឯកខាងការទូត ដោយបានដឹកនាំគោលនយោបាយការបរទេសរបស់ រាជរដ្ឋាភិបាលប្រកបដោយសុទិដ្ឋិនិយម សំដៅការពារសន្តិសុខជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងអត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិនារយៈពេលកន្លងមក។ ជាពិសេស ឯកឧត្តម បានរួមវិភាគទានយ៉ាងសកម្មក្នុងការដឹកនាំជាតិ មាតុភូមិ ឆ្ពោះទៅរកភាពជោគជ័យលើកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ បូរណភាពទឹកដី លិទ្ធិប្រជាធិបតេយ្យ និងការលើកស្ទួយកិត្យានុភាពជាតិឱ្យល្បីរន្ទឺទាំងក្នុងតំបន់ និងលើឆាក អន្តរជាតិ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យជារៀងរហូតមក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕