(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី១ របស់ខ្លួន សម្រាប់នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន២។

កិច្ចប្រជុំ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា ខណៈ សម្តេចតេជោ ហ៊ុន សែន បំពេញតួនាទីជាប្រមុខរដ្ឋស្តីទី គ្រាដែលព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន។

របៀបវារៈនៃសម័យប្រជុំព្រឹកនេះ មានដូចជា៖ ទី១៖ ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងទី២៖ ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា។

ព្រឹទ្ធសភា នីតិកាលទី៥នេះ មានសមាជិកចំនួន ៦២រូប ដែលក្នុងនោះ ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ , ២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា និង ៥៨រូបទៀត ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោត៕