(ភ្នំពេញ)៖ តាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៣ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០មកត្រឹម ២៣ ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%។ ចំណែកឯអត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%ផងដែរ ។

«ផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបានប្រកាសដោយអង្គការសុខភាពពិភពលោក ក្នុងត្រីមាសទី២ ឆ្នាំ២០២១ កន្លងមកនេះ បានបញ្ចាក់ថា ប្រទេសកម្ពុជាយើងពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ សម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាយើងស្ថិតនៅក្នុងតារាងបញ្ជីប្រទេសដែលនៅតែមានការគាំទ្រ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោកផងដែរ»។

នេះបើតាមការថ្លែងរបស់លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៧ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានថ្លែងបន្ដថា «ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ប្រទេសយើងនៅមានករណីជំងឺរបេងច្រើននៅឡើយ ហើយមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយដើម្បីឱ្យកម្មវីធីជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុងឆ្នាំ២០៣០ ដែលក្នុងនោះយើងមានបំណងដើម្បីកាត់បន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងសកលលោកផងដែរ»។

ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមមេត្តាជួយនិងបន្តជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីជាតិ ដើម្បីឱ្យសម្រេចបានជាស្ថាពរនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នៅចុងឆ្នាំ២០៣០ និងក្នុងបណ្តាឆ្នាំបន្ត។

នាឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត អ៊ឹង ​ភីរុន បានថ្លែងថា តាងនាមក្រសួងសុខាភិបាល សូមអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងក្លា ចំពោះសមិទ្ធិផលដ៏គួរជាទីមោទនៈនេះ។ «ប៉ុន្ដែសម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើនដើម្បីបំពេញស្របតាមយុទ្ធសាស្ត្របន្ទាប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ។

ដើម្បីសម្រេចបានទិសដៅឆ្នាំថ្មី ២០២៤ ក៏ដូចជាឆ្នាំបន្ត លោករដ្ឋលេខាធិការបានថ្លែងផ្ដល់អនុសាសន៍ចំនួន ៥ចំណុច រួមមាន៖

១៖ ត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេងគ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។

២៖ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺ ឲ្យឆាប់មកទទួលសេវារបេង ប្រកបដោយគុណភាព។

៣៖ ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេសការអង្កេតស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម។

៤៖ បន្តពង្រឹងការសហការការងាររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ។

៥៖ ត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានថ្លែងទៀតថា ការងារទាំងនេះទាមទារឲ្យមានការចូលរួមយ៉ាងជិតស្និទ្ធបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសការរួមគ្នាជាមួយដៃគូ អភិវឌ្ឍន៍ អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធទាំងឡាយ ព្រមទាំងស្ថាប័នមិនមែនសុខាភិបាលផ្សេងទៀត សំដៅបញ្ចប់ជំងឺរបេង នៅថ្ងៃអនាគត ។