(ភ្នំពេញ)៖ ខណៈពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ន ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យាទំនើបផ្សេងទៀតក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ហើយបច្ចេកវិទ្យានេះបានក្លាយជាមធ្យោបាយមួយមិនអាចខ្វះបានដើម្បីទទួលព័ត៌មាន ដោយសារតែភាពងាយស្រួល រហ័ស និងអត្ថប្រយោជន៍របស់វាសម្រាប់ការងារ និងការរស់នៅប្រចាំថ្ងៃ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ទន្ទឹមនេះដែរ នៅក្នុងមជ្ឈដ្ឋានសាធារណៈជាទូទៅ ការចែកចាយបន្តនូវព័ត៌មានណាមួយលើបណ្តាញទំនាក់ទំនងសង្គម ឬប្រព័ន្ធឌីជីថលផ្សេងទៀត ប្រព្រឹត្តឡើងដោយសារតែព័ត៌មាននោះជាព័ត៌មានគួរឱ្យចាប់អារម្មណ៍ ហើយអ្នកប្រើប្រាស់ចង់ចែករំលែកវាឱ្យបានមុនគេដល់មិត្តភ័ក្តិ និងអ្នកប្រើប្រាស់ដទៃទៀតក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយពុំបានផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុន និងមិនបានគិតដល់ហានិភ័យដែលអាចកើតឡើងប្រសិនបើវាជាព័ត៌មានក្លែងក្លាយ មុនចែកចាយបន្តឡើយ។ នេះជាឥរិយាបទរបស់អ្នកប្រើប្រាស់ដែលកើតឡើងជាប្រចាំ ហើយដែលគេអាចនិយាយបានថា វាបានក្លាយជាទំលាប់ទៅហើយក្នុងចំណោមអ្នកប្រើប្រាស់មួយចំនួន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ។

លោក ទេព អស្នារិទ្ធ បានបន្តថា ជាការពិត ព័ត៌មានក្លែងក្លាយបានកើតឡើងនៅក្នុងសង្គម និងបាននៅជាមួយយើងជាយូរមកហើយ។ តែដោយសារវត្តមាននៃប្រព័ន្ធព័ត៌មានឌីជីថលសំបូរបែប ស្របគ្នាជាមួយនឹងនិន្នាការប្រើប្រាស់មធ្យោបាយទំនើបនាពេលបច្ចុប្បន្នកើនឡើងផងក្នុងការទទួលព័ត៌មាន វាបានធ្វើឱ្យការសាយភាយនូវព័ត៌មានក្លែងក្លាយមានសន្ទុះខ្លាំងឡើង ដោយវាអាចធ្វើចរាចររហ័សក្នុងចំណោមប្រជាជនរាប់លាននាក់ ដោយស្ទើរគ្មានការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីគុណភាពព័ត៌មានទាំងនោះជាមុនឡើយ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួនជាង ៣ពាន់ ករណី។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយសរុបចំនួន ៨៧០ករណី ដែលចំនួននេះបានកើនឡើងចំនួនប្រមាណ ១១ភាគរយ បើប្រៀបធៀបនឹងចំនួនកត់ត្រាទុកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួនប្រមាណ ៧៨០ករណី។

អ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ចំនួននេះនៅមិនទាន់រាប់បញ្ចូលនៅឡើយនូវចំនួនករណីព័ត៌មានក្លែងក្លាយដែលអាចត្រូវបានកត់ត្រាទុកដោយស្ថាប័នរដ្ឋ ឬឯកជនផ្សេងទៀតនៅកម្ពុជា។ ស្ថានភាពនេះធ្វើឱ្យគ្រួសារ សហគមន៍ សង្គមទាំងមូល ជាពិសេសអ្នកប្រើប្រាស់កាន់តែប្រឈមខ្លាំងឡើងនឹងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងហានិភ័យផ្សេងៗទៀតមិនអាចប៉ាន់ស្មានបាន។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា ដូច្នេះវាទាមទារឱ្យយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដោយបង្កើនការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ទ្វេដង មុននឹងសម្រេចចិត្តចែកចាយ ឬផ្សព្វផ្សាយព័ត៌មានអ្វីមួយទៅអ្នកដទៃ។

ក្រសួងព័ត៌មាន ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនក្រោមការដាក់ចុះនូវគោលដៅការងារជាអាទិភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អ ដើម្បីធានាការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធព័ត៌មានបែបឌីជីថល ជាតួអង្គដ៏សំខាន់មួយក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់បន្ថែមថា កាលណាប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ព័ត៌មាន ចេះផ្ទៀងផ្ទាត់មុននឹងចែកចាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ ពេលនោះយើងម្នាក់ៗនឹងរួមចំណែកក្នុងការកាត់បន្ថយព័ត៌មានបែបបំពុល និងព័ត៌មានក្លែងក្លាយពីក្នុងលំហព័ត៌មានរបស់យើងបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងសង្គម បង្ការការខាតបង់ពេលវេលា ប្រាក់កាស និងបញ្ជៀសព្យសនកម្មជាយថាហេតុនានាក្នុងសង្គមគ្រួសារនិងសង្គមជាតិ តែចាំបាច់យើងត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា៖ «យើងត្រូវចងចាំថាព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត។ ដូច្នេះប្រជាពលរដ្ឋម្នាក់ជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន ទី១៖ បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក ឬចែកចាយដោយមិនទាន់បានអាន និងផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន, ទី២៖ កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀតដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងប្រភពផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវ មុននឹងចែកចាយបន្ត, ទី៣៖ ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពព័ត៌មានអាទិភាពសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ និងទី៤៖ ចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើងសម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់»៕