(ភ្នំពេញ)៖ កញ្ញា អន ម៉ូនីតា មេដឹកនាំវ័យក្មេងដ៏មានសក្តានុពលពីប្រទេសកម្ពុជា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតយុវជនសម្រាប់សន្តិភាព ដែលចូលរួមសម័យប្រជុំលើកទី៥៥ នៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ បានបង្ហាញមោទនភាពយ៉ាងខ្លាំង ក្នុងការតំណាងប្រទេស នៅលើវេទិកាដ៏សំខាន់បែបនេះ។

ម៉ូនីតា បានតំណាងឱ្យប្រទេសកម្ពុជា ចូលរួមនៅក្នុងការពិគ្រោះយោបល់ក្រៅផ្លូវការ ស្តីពីការពង្រឹងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងការពិនិត្យឡើងវិញនៃវេទិកានយោបាយកម្រិតខ្ពស់ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

អាន ម៉ូនីតា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ យ៉ាងដូច្នេះថា៖ «ក្នុងនាមជាឯកអគ្គរាជទូតយុវជនដើម្បីសន្តិភាពពីកម្ពុជា ការឈានចូលសម័យប្រជុំលើកទី៥៥ នៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សជាលើកដំបូង ជាបទពិសោធន៍យ៉ាងធំធេង មានអារម្មណ៍រំភើប ភ័យ និងស្មារតីទទួលខុសត្រូវយ៉ាងជ្រាលជ្រៅ។ ការដើរចូលទៅក្នុងសាលដែលពោរពេញទៅដោយអ្នកការទូត អ្នកដឹកនាំ និងអ្នកតស៊ូមតិមកពីជុំវិញពិភពលោក នាំឱ្យមានអារម្មណ៍មោទនភាពក្នុងការតំណាងប្រទេស នៅលើវេទិកាដ៏សំខាន់បែបនេះ។

កញ្ញា បានបន្តថា «ក្នុងនាមជាមនុស្សទីមួយ ដែលបានចូលសម័យប្រជុំក្នុងនាមជាឯកអគ្គរាជទូតយុវជនដើម្បីសន្តិភាពពីប្រទេសកម្ពុជា កំពុងត្រួសត្រាយផ្លូវសម្រាប់អ្នកដឹកនាំវ័យក្មេងដទៃទៀត ដើរតាមគន្លងនេះ។ វត្តមានរបស់ខ្ញុំ បង្ហាញពីក្តីសង្ឃឹម ភាពក្លាហាន និងការប្តេជ្ញាចិត្តក្នុងការបង្កើតពិភពលោកដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា»

ការជ្រើសរើស ម៉ូនីតា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលនាងបានក្លាយជាតំណាងយុវជនដំបូងគេ ពីប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ។ ការចូលរួមរបស់នាង បញ្ជាក់ពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ អំពីទស្សនៈដ៏មានតម្លៃដែលសំឡេងវ័យក្មេងនាំយកមកក្នុងកិច្ចសន្ទនាជាសកល ស្តីពីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស។

កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាវេទិកាដ៏សំខាន់មួយ សម្រាប់ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងនាមជាឯកអគ្គរដ្ឋទូតយុវជន ម៉ូនីតា បានចូលរួមជាមួយមេដឹកនាំអន្តរជាតិ និងរួមចំណែកដល់ការសន្ទនាសំខាន់ៗ សំដៅជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញគោលនយោបាយសេដ្ឋកិច្ច និងសង្គម។

ម៉ូនីតា បានថ្លែងថា «ការចូលរួមនេះ មិនត្រឹមតែជាកិត្តិយសដ៏កម្រសម្រាប់កញ្ញាប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពជាតិសម្រាប់ប្រទេសកម្ពុជាផងដែរ។ វាតំណាងឱ្យឥទ្ធិពល និងការប្តេជ្ញាចិត្តដែលកំពុងកើនឡើងរបស់ប្រទេស ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងឆាកពិភពលោក ជាពិសេសក្នុងការលើកកម្ពស់ផលប្រយោជន៍ និងសិទ្ធិរបស់ក្មេងជំនាន់ក្រោយ»