(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន១៦៥គ្រួសារ និងក្មេងកំព្រាចំនួន៦០នាក់ផ្សេងទៀត បានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ ដើម្បីសម្រួលដល់ជីវភាព ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងសប្បុរសជន ស្ថិតនៅបរិវេណសាលារៀន រីយ៉ាទ អន្តរជាតិ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម និងក្មេងកំព្រានេះ បានពាំនាំការផ្តាំផ្ញើពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកបដោយក្តីនឹករលឹក។

លោក ជិន ប៊ុនធឿន បានលើកឡើងថា រាជរដ្ឋាបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ សុខុមាលភាព ដោយមិនប្រកាន់ជាតិសាសន៍ សាសនា ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកអភិបាលខណ្ឌឫស្សីកែវ ក៏បានណែនាំឲ្យមន្ត្រីមូលដ្ឋានសង្កាត់ទាំង៧ ត្រូវចុះជាប់ក្បែរប្រជាពលរដ្ឋជានិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពិសេស បញ្ហាតម្រូវការចាំបាច់ សំដៅផ្ដល់ភាពកក់ក្ដៅ មានទំនុកចិត្ត និងក្ដីអាណិតស្រលាញ់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ មកលើអាជ្ញាធរយើង៕