(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ១៣៖៣០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួនជនសង្ស័យទាំងនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ធួន វិសាល ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ឡេង សក្កា (ហៅសាក់) អាយុ១៧ឆ្នាំ បច្ចុប្បនស្នាក់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
*ទី២៖ ឈ្មោះ ហេវ សៀវហូវ (បៀក) អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
*ទី៣៖ ឈ្មោះ សាំ ពិសិដ្ឋ អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់កំពង់ចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2472 ចំនួន០១គ្រឿង ឌុបប្រពន្ធមកពីផ្សារ និងបានទុកម៉ូតូនៅមុខបន្ទប់ជួលដែលរូបខ្លួនស្នាក់នៅចំណុចខាងលើ។

រួចហូបបាយជាមួយប្រពន្ធកូន ហើយសម្រាកលង់លក់ លុះដល់វេលាម៉ោង១៥និង០០នាទី ថ្ងៃដដែល ពេលចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូ និងបានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធក្រុងសិរីសោភ័ណ។

ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត វេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ និងបានចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2472 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AH-0240 ចំនួន០១គ្រឿង (មធ្យោបាយប្រព្រឹត្តបទល្មើស) ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ព្រមទាំងធ្វើតេស្តទឹកនោម លើជនសង្ស័យទាំង៣នាក់ ឃើញមានសារធាតុញៀន។

ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាប់ពាក់ព័ន្ធលើករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕