(តាកែវ)៖ លោក ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំងក្រុមគ្រួសារ ជាសមាជិកនៃអង្គការទំនុកចិត្តសហគមន៍ឥស្លាម ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា (ត្រាស់) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានពាំនាំនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនទៅដល់មាស្ជិតអាល់សាឡាម ព្រមទាំងចែកនូវអាហារស្រាយបួសជូនប្រជាពលរដ្ឋប្រមាណជិត៦០០នាក់ នៅភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ខែបួសរ៉ម៉ាឌន គឺជាខែដ៏ពិសិដ្ឋមួយសម្រាប់ដុះខាត់អំពើអាក្រក់ ដោយបង្កើតឱ្យមានភាពអំណត់តាមរយៈការតមអាហារ និងទឹកពេញមួយថ្ងៃ ក្នុងរយៈពេញមួយខែ ដែលរហូតដល់ថ្ងៃនេះបងប្អូនយើងបានឈានដល់ថ្ងៃទី២៤ នៅសល់៦ថ្ងៃទៀតនឹងត្រូវដល់ថ្ងៃរ៉យ៉ាហ្វីទ្រី ជាថ្ងៃបុណ្យចេញបួសបញ្ចប់កាតព្វកិច្ចបួសរយៈពេលមួយខែ។
ពិធីចែកអាហារស្រាយបួសនាថ្ងៃនេះ គឺមិនមែនសម្រាប់តែបងប្អូនកាន់សាសនាឥស្លាមប៉ុណ្ណោះទេ គឺបានចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរផ្សេងៗទៀតដែលមានការខ្វះខាតដែលនេះជាការរួមចំណែកបរិច្ចាគទានដោយគ្មានការបែងចែក។ ការចូលរួមដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋនៅក្នុងពេលនេះ គឺដោយសារកម្ពុជាទទួលបាននូវសេរីភាពនៃជំនឿសាសនា និងសុខសន្តិភាព។
ទឹកប្រាក់ដែលចំណាយនៅក្នុងពិធីខាងលើនេះ គឺបានមកពីការចំណាយផ្ទាល់ខ្លួនរបស់លោក ឡា ឡៃ និងក្រុមគ្រួសារជាសមាជិករបស់អង្គការទំនុកចិត្តសហគមន៍ឥស្លាម ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា (ត្រាស់)។
តាងនាមឱ្យអង្គការទំនុកចិត្តសហគមន៍ឥស្លាម ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា, លោក ឡា ឡៃ សូមបួងសួងឱ្យអល់ឡោះជាម្ចាស់ប្រទានពរជ័យដល់សហគមន៍ក្នុងខែបួសរ៉ម៉ាឌន ជូនដល់បងប្អូនទាំងអស់នៅទីនេះ និងសង្ឃឹមថាបងប្អូនអាចជម្នះបាននូវរាល់ឧបសគ្គដោយភាពអំណត់ក្នុងខែដ៏ពិសិដ្ឋនេះប្រកបដោយជោគជ័យ៕