(ភ្នំពេញ)៖ លោក វឿង ឌិនហឿ ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់ក្នុងលិខិតទាំងស្រុង យ៉ាងដូច្នេះថា៖

សម្តេចតេជោប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសនៃការបោះឆ្នោតដោយជោគជ័យ នៃព្រឹទ្ធសភា នីតិកាលទី៥ របស់កម្ពុជា (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤) ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រដ៏ច្រើនលើសលុប ហើយ សម្តេចតេជោ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រជាជនវៀតណាម និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងសេចក្តី អបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចតេជោប្រធាន និងប្រជាជនកម្ពុជាទាំងអស់។

ខ្ញុំមានជំនឿថា ក្រោមការដឹកនាំរបស់ សម្តេចតេជោប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដើរតួនាទីសំខាន់ថែមទៀត ចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសកម្ពុជាឱ្យរីកចម្រើន និងអភិវឌ្ឍ ជាមួយនឹងការកើនឡើងនូវតួនាទី និងឋានៈនៅក្នុងតំបន់ និងពិភពលោក។

បក្សកុម្មុយនីស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាម តែងតែផ្តល់តម្លៃខ្ពស់ និងចងចាំជារៀង រហូតនូវមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងការរួមចំណែកដ៏មានតម្លៃរបស់សម្តេចតេជោចំពោះទំនាក់ទំនង វៀតណាម-កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងមុខតំណែងផ្សេងៗគ្នា។

ខ្ញុំជឿជាក់ថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ នឹងបន្តរួម ចំណែកថែរក្សា និងលើកកម្ពស់ប្រពៃណីជាប្រវត្តិសាស្ត្រ នៃចំណងសាមគ្គីភាព ការផ្សារភ្ជាប់ និងជំនួយ ទៅវិញទៅមក រវាងប្រទេសទាំងពីរ និយាយជារួម និងរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា និយាយដោយឡែក ធ្វើឱ្យកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរ កាន់តែទូលំទូលាយគ្រប់ជ្រុង ជ្រោយ និងមានស័ក្តិសិទ្ធភាព។ ទន្ទឹមនឹងនេះ តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសនេះ ខ្ញុំសូមជូនពរ សម្តេចតេជោប្រធាន សមប្រកបនូវសុខភាពល្អបរិបូរណ៍។ តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម ខ្ញុំសូមគោរពអញ្ជើញ សម្តេចតេជោប្រធាន មកបំពេញ ទស្សនកិច្ចផ្លូវការនៅវៀតណាមនាពេលខាងមុខ។ សូម សម្តេចតេជោប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ។