(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការដ្ឋាន កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ។

បើតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការគាំទ្រដល់ការដ្ឋានកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ រួមមាន ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យ អប់រំ វិស័យសុខាភិបាលជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងមុខងារសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការដ្ឋាន កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមានការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យ អប់រំ វិស័យសុខាភិបាលជាដើម»។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការកែទម្រងរដ្ឋបាលសាធារណៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកលើសេចក្ដីទុកចិត្តនេះ ក្រសួងមុខងារសាធារណៈ បានបំពេញការងារសម្រេចបានសមិទ្ធផលជាបន្ដបន្ទាប់យ៉ាងច្រើនជាទីកត់សម្គាល់ គាំទ្រ និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការកែទម្រង់ប្រព័ន្ធប្រាក់បៀវត្ស៍សម្រាប់មន្ដ្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ មន្ដ្រីជាប់កិច្ចសន្យា និងមន្ដ្រីដទៃទៀត ព្រមទាំងការកែលម្អប្រព័ន្ធសោធនិវត្តន៍ សម្រាប់អតីតមន្ដ្រីរាជការស៉ីវិល និងអតីតយុទ្ធជន នៅក្នុងការអភិវឌ្ឍសមត្ថភាពមន្ដ្រី និងស្ថាប័ន, ការជំរុញ និងការកែលម្អគុណភាព និងការផ្ដល់សេវាសាធារណៈ ព្រមទាំងលើកកម្ពស់ភាពជាដៃគូ នៃអង្គភាពផ្ដល់សេវាសាធារណៈ តាមរយៈការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនៅកម្រិតសាលាមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងក្នុងវិស័យសុខាភិបាល នៅកម្រិតមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ កម្រិត៣ជាដើម៕