(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា ដើម្បីសម្រេចបានផែនការ លើកកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្តមួយ មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការងារនេះ មិនមែនជាការងារសាមញ្ញ ទាមទារនូវការឯកភាពគ្នា ចិត្តមួយថ្លើមមួយ បេះដូងមួយ ចង់បាននូវទិសដៅមួយ គឺថាក្នុងរយៈពេល១០-១៥ឆ្នាំ ក្នុងកំណែទម្រង់ ពេលបញ្ចប់ នឹងមានប្រសិទ្ធភាពខ្លាំង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ដើម្បីបានរដ្ឋបាលសាធារណៈរឹងមាំ និងមានប្រសិទ្ធភាប គឺត្រូវចាប់ផ្តើមធ្វើ ហើយធ្វើទាំងអស់គ្នា ទាំងថ្នាក់ជាតិ និងក្រោមជាតិ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណចំពោះមន្ត្រីទាំងអស់ នៅក្រសួងមុខងារសាធារណៈ ដែលចូលរួមក្នុងកិច្ចការងារនេះ ព្រោះថា ការងារច្រើនគឺថ្មី ប៉ុន្ដែពាក្យថាថ្មីនេះ មិនមែនអត់មានមូលដ្ឋាន និងគ្មានចក្ខុវិស័យច្បាស់លាស់នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការទាំងអស់ ត្រូវទាមទារនូវវានុវត្តន៍ បានន័យថា ការច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហា ហើយបែបនេះ ត្រូវការភាពក្លាហាន នៅក្នុងការសម្រេចចិត្ត ដែលផ្ដើមចេញពីភាពក្លាហានរបស់មន្ត្រី នៅក្នុងក្រសួងមុខងារសាធារណៈតែម្ដង។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៧ខែនេះ សម្ដេចបានសង្កេតឃើញ និងសូមអរគុណចំពោះភាពក្លាហាន ម៉ឺនម៉ាត់ និងជំនាញខ្ពស់របស់មន្ត្រី ដែលចូលរួមនៅក្នុងការរៀបចំ ផែនការកំណែទម្រង់ របស់ក្រសួងមុខងារសាធារណៈផងដែរ។

សូមជម្រាបផងដែរថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ មានភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ហៅកាត់ថា គ.វ.រ.។

គណៈកម្មាធិការជាតិនេះ ដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥។

ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ គឺជាការងារអាទិភាព និងចាំបាច់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់នីតិកាលថ្មីនេះ។ ក្រសួងមុខងារសាធារណៈដែលមានឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជារដ្ឋមន្ត្រី គឺជាសេនាធិការដ៏ចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចផែនការដ៏ចាំបាច់នេះ៕