(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និងងការជ្រើសរើសគ្រប់គ្រងមន្ត្រីបច្ចេកទេស មន្ត្រីជំនាញបំពេញតម្រូវការឱ្យគោលដៅ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងមុខងារសាធារណៈ និងអ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាពតាមរយៈការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍អនុញ្ញាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ផ្អែកលើនិយាម នីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ព្រមទាំងជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តន៍លិខិតបទដ្ឋានគតិយុត្ត និងការជ្រើសរើសគ្រប់គ្រងមន្ត្រីបច្ចេកទេស មន្ត្រីជំនាញដែលធានាឱ្យបានការបំពេញតម្រូវការ ការបំពេញឱ្យត្រូវ តែរក្សាឱ្យត្រូវ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រសួងមុខងារសាធារណៈ ត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងការបំពេញមុខងាររបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យអប់រំ សុខាភិបាលជាដើម។

ស្ថិតនៅក្នុងអាណត្តិទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ នៅតែជាកិច្ចការអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងមុខងារសាធារណៈ ក៏បន្តដើរតួនាទីគន្លឹះក្នុងកិច្ចការងារនេះ ដែលត្រូវបន្តផ្ដល់អាទិភាព និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការងារកំណែទម្រង់។

តាមការគូសរំលេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបន្ថែមដល់ក្រសួងមុខងារសាធារណៈ បានខិតខំប្រឹងប្រែងបំពេញការងារដែលសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ជាច្រើនគួរជាទីកត់សម្គាល់ តាមរយៈការគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈ ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងមុខងារសាធារណៈ បានធ្វើការកែទម្រង់ប្រព័ន្ធប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល កែលម្អប្រព័ន្ធសោធននិវត្តន៍ និងការកែលម្អការផ្ដល់សេវាសាធារណៈ ក៏ដូចជាភាពជាដៃគូជាមួយអង្គភាពផ្ដល់សេវាសាធារណៈជាដើម។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាលសាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព៕