(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិគប្បីប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់លទ្ធភាព ប្រសើរជាងការរើសថ្មី ម្យ៉ាងទៀតកុំជ្រើសរើសអ្នកជំនាញអាយធីឱ្យធ្វើការងារផ្នែកគណនេយ្យ បានន័យថា ប្រសិនបើត្រូវការមន្ត្រីមកបំពេញការងារជំនាញអ្វី ត្រូវជ្រើសរើសអ្នកដែលចេះជំនាញនោះឱ្យចំគោលដៅ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតីបានឱ្យដឹងថា គោលដៅដែលយើងធ្វើ គឺជាតម្រូវការដែលយើងត្រូវបំពេញ ប៉ុន្តែបំពេញឱ្យត្រូវគោលការណ៍ និងសូចនាករដែលយើងចង់បាន តើត្រូវការប៉ុន្មាននាក់ ដើម្បីបំពេញតម្រូវការពិតប្រាកដ ដោយផ្អែកលើការវិភាគមុខងារ។

សម្ដេចក៏បានសង្កត់ធ្ងន់លើចំណុចមួយថា «កុំយកអ្នកអាយធី ឱ្យធ្វើការផ្នែកគណនេយ្យ ឬខុសជំនាញរបស់ពួកគេ»។ នេះគឺបានន័យថា ប្រសិនបើត្រូវការមន្ត្រីមកបំពេញការងារជំនាញអ្វី ត្រូវជ្រើសរើសអ្នកដែលចេះជំនាញនោះឱ្យចំគោលដៅ។

សម្ដេចបានបន្តថា ការស្នើមន្ត្រីសម្រាប់បំពេញការងារនៅថ្នាក់ក្រោមជាតិ ត្រូវតែធានាគោលដៅសម្រាប់ថ្នាក់ក្រោមជាតិ ហើយរក្សាឱ្យនៅធ្វើការងារជាប់លាប់។ រីឯនៅក្នុងក្រសួង ស្ថាប័នថ្នាក់ជាតិក៏ដូចគ្នាដែរ ចាំបាច់ត្រូវមានតម្រូវការច្បាស់លាស់ មានគោលដៅច្បាស់លាស់ មុននឹងស្នើសុំជ្រើសរើសមន្ត្រីបន្ថែម ដូច្នេះត្រូវវិភាគលើតម្រូវការជាមុន ប្រសិនបើគ្មានការវិភាគ និងទឡ្ហីករណ៍ច្បាស់លាស់ទេ គឺសម្ដេចមិនអនុញ្ញាតនោះឡើយ។

សម្ដេចធិបតីបញ្ជាក់ដែរថា ការចង់លក្ខខណ្ឌបែបនេះ គឺមិនមែនជាការបិទមិនចង់ឱ្យជ្រើសរើសមន្ត្រីថ្មីនោះឡើយ តែជារូបមន្តមួយសម្រាប់អនុវត្តការងារជ្រើសរើសមន្ត្រីថ្មី ហើយរាជរដ្ឋាភិបាលនឹងមានការវាយតម្លៃលើរូបមន្តទាំងនេះក្នុងរយៈពេល៣ខែ ៦ខែ ឬ១ឆ្នាំ។

ម្យ៉ាងវិញទៀត សម្ដេចធិបតីក៏បានណែនាំឱ្យស្ថាប័នរដ្ឋនានាត្រូវប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់លទ្ធភាព មុននឹងសម្រេចចិត្តជ្រើសរើសមន្ត្រីថ្មី ទាំងមន្ត្រីរាជការពេញសិទ្ធិ មន្ត្រីកិច្ចសន្យា មន្ត្រីបច្ចេកទេសជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានរំឭកឡើងវិញថា «ក្នុងអាណត្តិនេះគឺជារយៈពេលកសាងមូលដ្ឋាន ជារយៈពេលតម្រង់ទិសសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័ន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល»