(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅតែមានតម្លដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ ឆ្នាំ ២០២៤ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន ដើម្បីប្រជាជនទទួលបាននូវកិត្តិយស ការស្រលាញ់រាប់អាន និងជំនឿទុកចិត្តពីប្រជាជន»

សូមជម្រាបថា អត្ថន័យរបស់អភិក្រមទាំង៥ រួមមាន៖

* ១៖ ឆ្លុះកញ្ចក់ គឺត្រូវចេះស្វ័យទិតៀន ឬដាក់ខ្លួនឱ្យមហាជនរិះគន់រាល់ចំណុចអវិជ្ជមាននានា។

* ២៖ ងូតទឹក គឺត្រូវសម្អាតកាយ វាចា និងចិត្ដ ពោលគឺ រៀបចំការស្លៀកពាក់សមរម្យឱ្យសក្ដិសមជាមន្ដ្រីរាជការ និយាយស្ដីពីពីរោះពិសាជាមួយមិត្ដរួមការងារ ក៏ដូចជាមហាជនទូទៅ មិនត្រូវឈ្នានីស ប្រកាន់ ច្រណែន ខឹង ស្អប់ ព្យាបាទ។

* ៣៖ ដុសក្អែល គឺត្រូវលុបបំបាត់នូវទម្លាប់អាក្រក់ និងទង្វើអសកម្មទាំងឡាយដូចជាអំពើពុករលួយ បក្សពួកនិយម។

* ៤៖ ព្យាបាល គឺត្រូវដាក់វិន័យរាល់កំហុសឆ្គង ចេះកែប្រែឥរិយាបថរបស់ខ្លួនដែលឆ្គាំឆ្គង ដើម្បីជាគំរូផង និងជួយដាស់តឿនមនុស្សជុំវិញខ្លួនផងដែរ។

* ៥៖ វះកាត់ គឺការដកតំណែង។​

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បញ្ជាក់ថា៖ «បើសិនយើងបោះបង់ចោលអភិក្រមទាំង៥ មានន័យថា យើងនឹងមិនបានដឹងពីចំណុចខ្សោយរបស់យើងនៅកន្លែងណានោះទេ ហើយការចោលអភិក្រមនេះស្មើនឹងការបរជ័យ ស្មើនឹងធ្វើឱ្យគណបក្សនយោបាយមួយរលំរលាយទៅបាន»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់រាជរដ្ឋាភិបាលថ្មី យក ឫមិនយកនូវអភិក្រមទាំង៥នេះ សម្តេចមិនដឹងនោះទេ ប៉ុន្តែសម្តេចសូមអំពាវនាវឱ្យសមាជិកគណបក្សទាំងអស់ ត្រូវប្រើប្រាស់អភិក្រមនេះដោយជៀសវាងមិនបាន ដោយធ្វើទាំងសម្រាប់ខ្លួនឯងផង និងតាមស្ថាប័នផងដែរ៕