(ភ្នំពេញ)៖ នៅក្នុងរយៈពេលប្រមាណជា ៣ខែកន្លងមកនេះ រដ្ឋសភាបានអញ្ជើញថ្នាក់ដឹកនាំក្រសួងស្ថាប័ននៃ រាជរដ្ឋាភិបាលចំនួន៣០ មកបង្ហាញពីលទ្ធផលកាងារ ដែលសម្រេចបាន។ ការងារនេះ បានបង្ហាញឱ្យឃើញថា នៅក្នុងនីតិកាលទី៧ រដ្ឋសភានិងរាជរដ្ឋាភិបាល បានសហការគ្នា កាន់តែស្អិតរមួតក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។
ដើមនីតិកាលទី៧ រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្រេចសមិទ្ធផលជាច្រើនជូនជាតិនិងពលរដ្ឋ ទន្ទឹមនឹងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយភាពស្វាហាប់ និងឆន្ទៈមោះមុតនៅក្នុងការនាំនាវាកម្ពុជា សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍ ជីវភាពពលរដ្ឋកាន់តែសម្បូរសប្បាយឡើង។
អ្វីដែលគេបានមើលឃើញ ពីលទ្ធផលជាច្រើននៃការរួមសហការគ្នារវាងរដ្ឋសភា និងរាជរដ្ឋាភិបាល លេចធ្លោនោះ គឺដើមនីតិកាលនេះ រដ្ឋសភាបានអញ្ជើញ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលប្រមាណ ចំនួន៣០ មកបង្ហាញពីលទ្ធផលការងារ។ ការបំពេញមុខងារជាតំណាងនេះ ក៏បានផ្តល់ឱកាសដល់រដ្ឋសភា ស្តាប់នូវសំណូមពរ និងផលលំបាកនានា នៅក្នុងការអនុវត្តច្បាប់ទំាងឡាយដែលរដ្ឋសភាបានអនុម័ត ដើម្បីធ្វើយ៉ាងណាឱ្យស្ថាប័នទំាងពីរ រកដំណោះស្រាយរួមគ្នាមួយ ក្នុងការជំរុញនិងគំាត្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រេចតាមគោលដៅ ដោយយកពលរដ្ឋជាស្នូល។
នៅក្នុងរបាយការណ៍ ដែលបង្ហាញនៅក្នុងឱកាសរដ្ឋសភា បើកស័យប្រជុំលើកទី២ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងការជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលជាឥស្សរជនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន គណៈកម្មការជំនាញ និងតំណាងគណៈកម្មការនានានៃរដ្ឋសភា គឺដើម្បីបានស្វែងយល់អំពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងាររបស់ក្រសួង ក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន ដូចជា ការងារអភិបាលកិច្ចល្អ វិស័យកសិកម្ម បច្ចេកទេសដាំដុះ ប្រព័ន្ធធារាសាស្រ្ត ការពង្រឹងទីផ្សារកសិផល វិស័យអប់រំ ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិស័យអគ្គិសនីមានថាមពលកកើតឡើងវិញ ប្រព័ន្ធគំាពារសង្គម វិស័យយុត្តិធម៌ដែលមានកិច្ចការជាអទិភាពចំនួន ៣រួមមាន ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័សសំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន, និងការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំងដាក់ចេញវិធានការម៉ឺងម៉ាត់ជាដាច់ខាតជម្រុញដោះស្រាយសម្រាប់សំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់និងចំណាត់ការរឿងក្តីដោយតុលាការជាដើម។
រដ្ឋសភា បានបញ្ជាក់ថា គណៈកម្មការជំនាញរដ្ឋសភាបានសំណូមពរ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន ត្រូវខិតខំបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ក្រៅពីការជួបប្រជុំជាមួយតំណាងក្រសួងស្ថាប័ន នៅថ្នាក់ជាតិហើយនោះ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ក៏បានធ្វើដំណើរចុះតាមមណ្ឌល ខេត្តក្រុងនានាទូទំាងប្រទេសដើម្បីជួបអាជ្ញាធរថ្នាក់ក្រោមជាតិ លើគ្រប់វិស័យ រួមទំាងពលរដ្ឋម្ចាស់ឆ្នោតផងដែរ។ ការចុះជាប់ពលរដ្ឋគឺដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការពលរដ្ឋ ឱ្យបានទាន់ពេលវេលា ហើយឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមយន្តការរបស់រដ្ឋសភា។ ក្រៅពីនេះសកម្មភាពមនុស្សធម៌ ការងារសាសនានិងជាសង្គមជាច្រើនវិស័យទៀត ក៏ត្រូវបានសមាជិកសមាជិករដ្ឋសភា អនុវត្តបានយ៉ាងសកម្មផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី តែងតែលើកទឹកចិត្តនិងគំាទ្រជានិច្ច ដល់សមាជិករដ្ឋសភាទំាងអស់ ក្នុងការបម្រើពលរដ្ឋប្រកបដោយភាពសកម្ម ទំនួលខុសត្រូវ និងកម្តល់ផលប្រយោជន៍ពលរដ្ឋជាអាទិភាពនៅគ្រប់កាលៈទេសៈ៕