(ម៉ិកស៊ិក)៖ ព្យុះកំណាចញូតុន (Hurricane Newton) ធ្វើដំណើរក្នុងល្បឿន១២០គីឡូម៉ែត្រ/ម៉ោង បានវាយប្រហារឧបទ្វីប Baja California ដែលជាតំបន់ឆ្នេរភាគនិរតីរបស់ប្រទេសម៉ិកស៊ិក បង្កឲ្យមាន ទឹកជំនន់ និងការបាក់ដីយ៉ាងដំណំ។ នេះបើយោងតាម របាយការណ៍ពីមជ្ឈមណ្ឌលតាមដានព្យុះរបស់អាមេរិក ហៅកាត់ថា(NHC) ដកស្រង់ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃអង្គារទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ព្យុះកំណាចញូតុននេះ បានចាប់ផ្តើមឡើងនិងវិវត្តន៍ឥទ្ធិពលដំបូង ត្រង់ទីតាំងមួយដែលមានចម្ងាយប្រមាណ ៣៤៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Cabo San Lucas ដែលជាទីក្រុងទេសចរណ៍លំដាប់កំពូល មួយរបស់ម៉ិកស៊ិក។ NHC បានប៉ាន់ប្រមាណថាសន្ទុះខ្យល់ជាកម្រិតអតិបរមា ដែលបានវិវត្តន៍ខ្លួនពីល្បឿន ៥៥គីឡូម៉ែត្រ/ម៉ោង ទៅ ១២០គីឡូម៉ែត្រ/ម៉ោង រួចក៏ថមថយកម្លាំងមកត្រឹម១៦គីឡូម៉ែត្រ/ម៉ោង ក្នុងគោលដៅឆ្ពោះទៅឆ្នេរម៉ិកស៊ិកូ។
ជាមួយគ្នានេះដែរ មុនពេលព្យុះកំណាចនេះមកដល់ភ្លាមៗ រដ្ឋាភិបាលម៉ិកស៊ិកបានចេញសារព្រមាន ដល់អ្នករស់នៅ តាមបណ្តោយឆ្នេរខាងលិចនៃឧបទ្វីប Baja California ឲ្យត្រៀមខ្លួនជាស្រេចដើម្បី ការពារអាយុជីវិត និងទ្រព្យសម្បត្តិ។
ទាក់ទងនឹងមហន្តរាយនេះ ពុំទាន់មានរបាយការណ៍ណាមួយ បញ្ជាក់ពីទំហំនៃការខូចខាត ឬមានអ្នកស្លាប់ ដោយសារការវាយប្រហារដោយព្យុះកំណាច ញូតុននេះនៅឡើយទេ៕