(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤។
ក្រសួងមុខងារសារណៈត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយការរួមបញ្ចូលគ្នានូវស្ថាប័នចំនួន៣ គឺរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល។ ក្រសួងមុខងារសាធារណៈមានបេសកកម្ម និងភារកិច្ចដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ មានភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ហៅកាត់ថា គ.វ.រ.។ គណៈកម្មាធិការជាតិនេះដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥។
ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ គឺជាការងារអាទិភាព និងចាំបាច់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់នីតិកាលថ្មីនេះ។ ក្រសួងមុខងារសាធារណៈដែលមានឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជារដ្ឋមន្ត្រី គឺជាសេនាធិការដ៏ចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចផែនការដ៏ចាំបាច់នេះ។
ក្រោមទស្សនវិស័យដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្រាប់ក្របខ័ណ្ឌការងារកែទម្រង់វិស័យមុខងារសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំប្រកាន់ជំហររឹងមាំប្រកបដោយទស្សនវិស័យ និងយុទ្ធសាស្ត្រ ដើម្បីពុះពារធ្វើឱ្យសម្រេចនូវចក្ខុវិស័យ ក៏ដូចជាទស្សនវិស័យដឹកនាំប្រទេសរបស់សម្ដេចធិបតី។
ផ្ដើមចេញពីបេសកកម្មនិងភារកិច្ច ព្រមទាំងមានការគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលកន្លងមក និងជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់របស់សម្តេចធិបតី នៅក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងមុខងារសាធារណៈបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈ។
ក្រសួងមុខងារសាធារណៈបានបំពេញការងារនិងសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃ ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈពាក់ព័ន្ធនឹងការងារសំខាន់ៗដូចខាងក្រោម៖
+ ការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ
ក្រសួងមុខងារសាធារណៈបានដឹកនាំ និងសម្របសម្រួលការរៀបចំអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនិយាម នីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានដឹកនាំ និងរៀបចំ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយា បន្ន និងប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
ក្នុងនោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលត្រូវបានអនុវត្តចំនួន៥លើករួមមាន៖ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ/សង្កាត់ចំនួន២៥០នាក់ ការជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា (១០០កន្លែង) ការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ (៣៣កន្លែង) ការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន (៩៩កន្លែង) និងការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៥២កន្លែង)។
+ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ
ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានរៀបចំសេចក្ដីព្រាងឯកសារទស្សនាទាន និង សេចក្ដីណែនាំស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការរៀបចំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិលរបស់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំ និងអង្គភាពសុខាភិបាលនៅមូលដ្ឋាន ព្រមទាំងបានរៀបចំសេចក្ដីព្រាងក្រមសីលធម៌វិជ្ជាជីវៈ
ក្រសួងក៏បានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើន ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំអង្គភាពរបស់ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ កម្មវិធីបណ្តុះបណ្តាលនេះ អនុវត្តដោយសាលាភូមិន្ទរដ្ឋបាល។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញមោទនភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះ ទៅមុខនៃវិស័យមុខងារសាធារណៈ ដែលបាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា សមិទ្ធផលទាំងនេះអាចសម្រេចទៅបាន អាស្រ័យដោយកត្តាសំខាន់ ៣យ៉ាងគឺ៖
១៖ កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់
២៖ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមានចក្ខុវិស័យ ឆន្ទៈ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេស មានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិតដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើ មូលដ្ឋានអភិក្រមបុរេសកម្ម និងសកម្ម យោគយល់ អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាមជំនាញ និងភារកិច្ចរៀងៗខ្លួន
៣៖ កត្តាចូលរួមរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ជាមួយក្រសួងមុខងារសាធារណៈ គឺជាលក្ខខណ្ឌដ៏ចាំបាច់និងមិនអាចខ្វះបាន ដែលធានាឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន នាពេលកន្លងមក និងដែលត្រូវសម្រេចបន្ថែមទៀតនាពេលខាងមុខ៕