(ភ្នំពេញ)៖ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ពេលនេះ ហាក់មិនបានខ្វល់អំពីលេខរៀងគណបក្សសម្រាប់ការបោះឆ្នោតអាណត្តិក្រោយឡើយ។ គណបក្សទាំងពីរ បានអះអាងថា ការបោះឆ្នោតអាណត្តិក្រោយនេះ ត្រូវពឹងទាំងស្រុងលើប្រជាប្រិយភាព តែគ្មានពឹងផ្អែកលើហុងស៊ុយលេងរៀងបន្តិចណាទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានប្រាប់អង្កភាព Fresh News នៅមុននេះថា គណបក្សប្រជាជនកម្ពុជា មិនខ្វល់ខ្វាយចំពោះលេខរៀង នៃគណបក្សឡើយ។ លោកជឿថា បើទោះបីជា គណបក្សប្រជាជនកម្ពុជា បានលេងរៀងមួយណាក៏ដោយ គណបក្សនេះ គឺនៅតែខ្លាំងក្លា ហើយឈ្នះក្នុងការបោះឆ្នោត នៅពេលខាងមុខដដែល។ លោក សុខ ឥសាន្ត បានអះអាងថា លេខរៀងមិនសំខាន់នោះទេ សំខាន់គឺការគាំទ្ររបស់ ប្រជាពលរដ្ឋទោះគណបក្សប្រជាជនកម្ពុជា មានលេខរៀងប៉ុន្មានក៏ដោយបើប្រជាជននៅតែគាំទ្របែបនេះ គណបក្សនេះនៅតែឈ្នះ និងឈានមុខជានិច្ច។
ដោយឡែក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ក៏បានឲ្យដឹងដែរថា បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អនុញ្ញាតឲ្យជ្រើសលេខ គណបក្សសង្រ្គោះជាតិ និងជ្រើសរើសយកលេខ ដែលល្អបំផុត ប៉ុន្តែប្រហែលជាមិនអាចទៅរួចទេ ដោយសារតែ ការជ្រើសរើសលេខរៀងនេះ គឺធ្វើឡើងដោយការចាប់ឆ្នោតជ្រើសរើស។ យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អះអាងថា គណបក្សសង្រ្គោះជាតិ នៅតែទទួលយកលេខរៀង ដែលចាប់ឆ្នោតបាន ពីព្រោះនេះគឺជាការកំណត់របស់ គ.ជ.ប។
សូមបញ្ជាក់ថា គ.ជ.ប នឹងរៀបចំឲ្យគណបក្សនយោបាយទាំងអស់ ចុះឈ្មោះចូលរួមការបោះឆ្នោតថ្នាក់ជាតិ នៅក្រោយ ពេល ដែល គ.ជ.ប ប្រកាសជាផ្លូវការ នូវបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីរួចរាល់។ ក្រោយពីការចុះឈ្មោះចូលរួមការបោះឆ្នោតហើយ គ.ជ.ប នឹងរៀបចំឲ្យមានការចាប់ឆ្នោត ជ្រើសរើសលេខរៀង ដល់គណបក្សនីមួយៗ។ ការចាប់ឆ្នោតនេះ ធ្វើឡើងដោយ សម្តេចសង្ឃ។ នេះបើតាមការបញ្ជាក់ពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប .
លោក ហង្ស ពុទ្ធា បានបន្តថា តាមច្បាប់ គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ មិនមែនសិទ្ធក្នុងការជ្រើសរើសលេខរៀង តាមចិត្តរបស់ខ្លួនបានឡើយ គឺលេខរៀង ត្រូវតែធ្វើឡើងដោយការចាប់ឆ្នោត ពីសម្តេចសង្ឃ តែប៉ុណ្ណោះ។
កាលពីអាណត្តិមុន គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី៤ ចំណែកគណបក្សសង្រ្គោះជាតិវិញ ចាប់ឆ្នោតបានលេខរៀងទី៧ ។ គណបក្សទាំងពីរ ធ្លាប់បានអះអាងថា លេខរៀងគណបក្ស របស់ខ្លួន គឺនាំសំណាង និងជាលេខមានហុងស៊ុយ។ តែសម្រាប់អាណត្តិក្រោយនេះ គណបក្សនយោបាយទាំងពីរ ហាក់ដូចជា មិនសូវជាខ្វល់ខ្វាយ ចំពោះហុងស៊ុយលេខរៀងប៉ុន្មានទេ សំខាន់បំផុតនោះគឺប្រជាប្រិយភាពបក្ស៕